ក្រុមហ៊ុនវិនិយោគផ្នែកធនាគារនៅសហរដ្ឋអាម៉េរិក Goldman Sachs អះអាងថា សេដ្ឋកិច្ចពិភពលោកក្នុងឆ្នាំក្រោយនឹងប្រសើរជាងការរំពឹងទុករបស់មនុស្សជាច្រើន ខណៈដែលការផលិតនឹងងើបឡើងវិញ ហើយផលប៉ះពាល់ពីការដំឡើងការប្រាក់ក៏ថយចុះ។
នៅក្នុងរបាយការណ៍ដែលបានប្រកាសកាលពីចុងសប្ដាហ៍កន្លង ធនាគារ Goldman Sachs (សហរដ្ឋអាម៉េរិក) ព្យាករថា សេដ្ឋកិច្ចពិភពលោកនឹងមានកំណើន 2.6% នៅឆ្នាំក្រោយ ខ្ពស់ជាងការប៉ាន់ស្មាន 2.1% របស់ក្រុមសេដ្ឋវិទូដែលត្រូវបានស្រង់មតិ និងចុះផ្សាយដោយ Bloomberg។ សហរដ្ឋអាម៉េរិក ក៏ត្រូវបានរំពឹងថា មានកំណើនសេដ្ឋកិច្ច 2.1% ដែលខ្ពស់ជាងបណ្ដាប្រទេសអភិវឌ្ឍដទៃ។
ធនាគារ Goldman Sachs ក៏យល់ថា ភាគច្រើន ផលប៉ះពាល់ពីដំណើរការរឹតបន្តឹងសារពើពន្ធ និងរូបិយវត្ថុ នឹងលែងមានទៀតហើយ។ ដើម្បីគ្រប់គ្រងអតិផរណា ធនាគារកណ្ដាលរបស់សហរដ្ឋអាម៉េរិក (Fed) បានដំឡើងការប្រាក់ 11 លើករាប់ចាប់ពីខែមីនា 2022។ កាលពីសប្ដាហ៍កន្លង ប្រធាន Fed លោក Jerome Powell បានបង្ហាញសញ្ញាថា នឹងដំឡើងការប្រាក់ទៀត បើសិនជាចាំបាច់។
Goldman Sachs យល់ថា អតិផរណានឹងបន្តថយចុះនៅក្នុងបណ្ដាប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន និងទើបលេចធ្លោ ដោយចុះមកនៅត្រឹមពី 2 ទៅ 2.5%។ ធនាគារនេះក៏សង្ឃឹមថា សកម្មភាពផលិតរបស់រោងចក្រនានានៅទូទាំងពិភពលោកនឹងត្រូវបានស្ដារឡើងវិញ បន្ទាប់ពីរងសម្ពាធធ្ងន់ធ្ងរនៅក្នុងឆ្នាំនេះ៕