ក្រុមហ៊ុន Spaceborn United របស់អ្នកជំនួញជនជាតិហូឡង់ Egbert Edelbroek កំពុងសិក្សាស្រាវជ្រាវដើម្បីបង្កកំណើត និងបង្កើតទារកតាមធម្មជាតិ នៅក្នុងបរិស្ថានដែលមានកម្លាំងទំនាញខ្សោយដូចនៅលើភពអង្គារ។
បើទោះជាមានឧបសគ្គច្រើនក្នុងដំណើរឆ្ពោះទៅការសម្រេចគោលដៅខាងលើ ប៉ុន្តែ លោក Edelbroek ជឿថា លោកអាចមើលឃើញទារកដំបូងដែលបង្កកំណើតក្នុងទីអវកាស។ នេះបើតាម AFP ចុះផ្សាយកាលពីថ្ងៃទី 14 វិច្ឆិកា 2023។
«មនុស្សជាតិត្រូវតែជាសត្វលោកដែលរស់នៅក្នុងអន្តរភព។ បើសិនជាចង់រស់នៅដោយឯករាជ្យនៅខាងក្រៅផែនដី យើងត្រូវការដោះស្រាយបញ្ហានៃការបន្តពូជ» លោក Edelbroek សង្កត់ធ្ងន់ដូច្នេះ។
ការបង្កកំណើតក្នុងទីអវកាស មានឧបសគ្គច្រើន។ ឧបសគ្គចម្បងគេគឺកង្វះកម្លាំងទំនាញ ធ្វើឱ្យគូស្នេហ៍ងាយនឹងអណ្តែតឆ្ងាយពីគ្នា ដូច្នេះ Spaceborn United គឺជាក្រុមហ៊ុនដំបូងគេដែលស្វែងរកវិធីបង្កកំណើតនៅទីអវកាស។
យោងតាមលោក Edelbroek ឧបសគ្គមួយទៀត នោះគឺធាតុរាវរបស់រាងកាយនឹងត្រូវបានរុញច្រានឡើងទៅលើ នៅក្នុងបរិស្ថានកម្លាំងទំនាញទាប ដែលផ្ទុយពីនៅលើផែនដី។ ដូច្នេះ ជាដំបូង មនុស្សត្រូវការបង្កើតបរិស្ថានមួយដែលល្អឥតខ្ចោះ។
ក្រុមអ្នកវិទ្យាសាស្ត្រកំពុងស្វែងយល់អំពីវិធីបង្កកំណើតក្នុងបន្ទប់ពិសោធន៍ដែលមានកម្លាំងទំនាញផែនដីទាប ប៉ុន្តែ លោក Edelbroek និយាយថា គម្រោងបាញ់បង្ហោះកោសិកាកណ្ដុរទៅពិសោធក្នុងទីអវកាសនឹងធ្វើឡើងនៅចុងឆ្នាំនេះ។ បន្ទាប់មក ក្នុងរយៈពេលពី 5 ដល់ 6 ឆ្នាំទៀត ក្រុមហ៊ុននេះនឹងពិសោធលើកោសិកាមនុស្ស។
បញ្ហាសីលធម៌គឺជាមូលហេតុដែលធ្វើឱ្យការបង្កកំណើតក្នុងទីអវកាស ទាក់ទាញចំណាប់អារម្មណ៍របស់បណ្ដាក្រុមហ៊ុនឯកជនដូច Spaceborn ជំនួសឱ្យណាសា ដែលរារែកក្នុងការផ្ដល់ថវិកាសម្រាប់ប្រធានបទ «រសើប»។ ក៏ប៉ុន្តែ លោក Edelbroek ជឿថា នឹងមានពេលវេលាគ្រប់គ្រាន់ដើម្បីបង្កើតទារកដំបូងដែលបង្កកំណើតក្នុងអវកាស មុនពេលលោកទទួលមរណភាព៕