ក្រុមហ៊ុនឧស្សាហកម្មកៅស៊ូវៀតណាម VRG បច្ចុប្បន្នមានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន 16 ដែលអនុវត្តគម្រោងកៅស៊ូលើផ្ទៃដីជិត 90,000 ហិកតានៅកម្ពុជា កំពុងស្ថិតក្នុងដំណាក់កាលប្រមូលផល និងមានប្រាក់ចំណេញប្រចាំឆ្នាំ។
ក្រុមហ៊ុនឧស្សាហកម្មកៅស៊ូវៀតណាម VRG (Vietnam Rubber Group) បាន និងកំពុងវិនិយោគលើគម្រោងដាំដើមកៅស៊ូក្នុងខេត្តចំនួន 7 នៅកម្ពុជា ដែលភាគច្រើនស្ថិតក្នុងតំបន់ដាច់ស្រយាល តំបន់ព្រំដែនជាប់នឹងប្រទេសវៀតណាម។ នេះបើតាមសារព័ត៌មានវៀតណាម NLD ចុះផ្សាយនាថ្ងៃទី 15 វិច្ឆិកា 2023។
លោក ឡេ វ៉ាន់ឡាំ អគ្គនាយកក្រុមហ៊ុនកៅស៊ូដុងណៃ – ក្រចេះ ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនឧស្សាហកម្មកៅស៊ូវៀតណាម VRG ឱ្យដឹងថា ក្នុងឆ្នាំ 2021 ក្រុមហ៊ុននេះរកបានប្រាក់ចំណេញប្រចាំឆ្នាំ 8.18 ពាន់លានដុង (336,000 ដុល្លារអាម៉េរិក) ខណៈដែលគម្រោងនេះនៅខាត 25.8 ពាន់លានដុង ព្រោះនេះជាគម្រោងយូរអង្វែង។ លោក វ៉ាន់ឡាំ បន្តថា ក្នុងឆ្នាំ 2022 ក្រុមហ៊ុនដែលលោកគ្រប់គ្រង រកបានប្រាក់ចំណេញ 18.9 ពាន់លានដុង (778,000 ដុល្លារអាម៉េរិក)។
បើសិនជាការរីកចម្រើនបន្តរលូនដូចឆ្នាំ 2022 គម្រោងវិនិយោគនេះនឹងអាចស្រង់ដើមទុនគ្រប់ចំនួននៅក្នុងឆ្នាំ 2026 និងចាប់ផ្ដើមការវិនិយោគសម្រាប់វដ្តថ្មីចាប់ពីឆ្នាំ 2028។ យោងតាមលោក វ៉ាន់ឡាំ ពេលនោះ ក្រុមហ៊ុននឹងមានប្រភពចំណូលបន្ថែមពីឈើកៅស៊ូ ដែលតម្លៃទីផ្សារបច្ចុប្បន្នប្រហែល 250 លានដុង/ហិកតា គ្រាដែលការដាំឡើងវិញគឺចំណាយប្រហែលតែ 65 លានដុង/ហិកតា»។
ចំណែកក្រុមហ៊ុនកៅស៊ូដុងហ្វូ – ក្រចេះ វិញ មានរោងចក្រកែច្នៃដ៏ធំ ដែលអាចកែច្នៃជ័រកៅស៊ូបានពី12,000 ដល់ 13,000 តោន/ឆ្នាំ។ ឆ្នាំ 2021 ក្រុមហ៊ុននេះរកប្រាក់ចំណេញបាន 69.3 ពាន់លានដុង ខណៈឆ្នាំ 2022 ចំណេញ 53.26 ពាន់លានដុង។
ទន្ទឹមនឹងនេះ Vketi ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Locninh Rubber ដែលជាសមាជិកមួយរបស់ VRG ក៏មានប្រាក់ចំណេញប្រចាំឆ្នាំ ចាប់ពីឆ្នាំ 2021 ក្នុងនោះ ឆ្នាំ 2022 ចំណេញជាង 5 ពាន់លានដុង។
ចំណែកសមាជិកមួយទៀតរបស់ Vietnam Rubber Group គឺក្រុមហ៊ុនកៅស៊ូ Dau Tieng ក្រចេះ និង Dau Tieng កម្ពុជា (នៅក្រចេះ) ក៏សុទ្ធតែមានប្រាក់ចំណេញក្នុងឆ្នាំ 2022។ ក្នុងនោះ ក្រុមហ៊ុនកៅស៊ូ Dau Tieng ក្រចេះ ចំណេញ 12 ពាន់លានដុង និង Dau Tieng កម្ពុជា ចំណេញ 6.7 ពាន់លានដុង។ នេះបើតាមលោក ទ្រិញ វ៉ាន់ហ្វាង អគ្គនាយករបស់ក្រុមហ៊ុនទាំងពីរនេះ៕