គម្រោងស្ពានគោក Landbridge របស់ប្រទេសថៃ នឹងរួមមានកំពង់ផែទឹកជ្រៅចំនួនពីរ និងបណ្ដាញផ្លូវល្បឿនលឿន ក៏ដូចជាផ្លូវដែកដែលមានប្រវែងសរុប 100 គីឡូម៉ែត្រ តភ្ជាប់កំពង់ផែទាំងពីរនេះ។
ទំព័រ Bloomberg បានផ្សាយថា ប្រទេសថៃកំពុងហៅរកទុនវិនិយោគដែលមានតម្លៃច្រើនពាន់លានដុល្លារអាម៉េរិក ដោយគ្រោងនឹងផ្ដល់ជម្រើសមួយដែលជំនួសឈូងសមុទ្រ Malacca ដែលជាមួយក្នុងចំណោមផ្លូវដឹកជញ្ជូនតាមសមុទ្រដែលមមាញឹកបំផុតលើពិភពលោក។
កាលពីម្សិលមិញ នាយករដ្ឋមន្ត្រីថៃ Srettha Thavisin បានប្រាប់ក្រុមអ្នកវិនិយោគអាម៉េរិកនៅ San Francisco អំពីព័ត៌មានជាច្រើនដែលទាក់ទងនឹងគម្រោងដែលមានឈ្មោះថា Landbridge។ គម្រោងនេះនឹងជួយកាត់បន្ថយពេលវេលានៃការធ្វើដំណើររវាងមហាសមុទ្រឥណ្ឌា និងមហាសមុទ្រប៉ាស៊ីហ្វិក បានជាមធ្យមបួនថ្ងៃ និងកាត់បន្ថយការចំណាយលើការដឹកជញ្ជូន 15%។
គម្រោង Landbridge គ្រោងនឹងត្រូវចំណាយទុនវិនិយោគប្រហែលមួយទ្រីលានបាត (ប្រហែលនឹង 28 ពាន់លានដុល្លារអាម៉េរិក) ដែលរួមមានទាំងកំពង់ផែសមុទ្រដែលនឹងត្រូវបានសាងសង់នៅលើឧបទ្វីបភាគខាងត្បូងប្រទេសថៃ។ កំពង់ផែទឹកជ្រៅទាំងពីរនេះនឹងត្រូវបានតភ្ជាប់ជាមួយគ្នាដោយបណ្ដាញផ្លូវល្បឿនលឿន និងផ្លូវដែកប្រវែង 100 គីឡូម៉ែត្រ។
ស្ថិតនៅចន្លោះប្រទេសម៉ាឡេស៊ី និងសិង្ហបុរី ច្រកសមុទ្រម៉ាឡាកា បច្ចុប្បន្នគឺជាផ្លូវសមុទ្ររយៈចម្ងាយខ្លីបំផុតដែលតភ្ជាប់តំបន់អាស៊ីប៉ាស៊ីហ្វិក ជាមួយនឹងប្រទេសឥណ្ឌា និងមជ្ឈឹមបូព៌ា។ ទំនិញប្រហែលជា ¼ របស់ពិភពលោក ត្រូវបានដឹកជញ្ជូនតាមផ្លូវនេះ។
នាយករដ្ឋមន្ត្រីថៃនិយាយថា «មហាគម្រោង Landbridge នេះ ប្រាកដជានឹងក្លាយជាផ្លូវដឹកជញ្ជូនដែលចំណាយទាបជាង លឿនជាង និងសុវត្ថិភាពជាង»។
ប្រទេសថៃបានកំណត់គោលដៅថា ដល់ឆ្នាំ 2030 មហាគម្រោងនេះនឹងសម្រេចបានជាស្ថាពរ។ អ្នកវិនិយោគបរទេសត្រូវបានអនុញ្ញាតឱ្យកាន់កាប់ភាគហ៊ុនជាង 50% នៅក្នុងបណ្ដាក្រុមហ៊ុនបណ្ដាក់ទុនរួមគ្នារបស់ក្រុមហ៊ុនបរទេស និងក្រុមហ៊ុនក្នុងស្រុក ដើម្បីស្ថាបនាកំពង់ផែ និងហេដ្ឋារចនាសម្ព័ន្ធដែលទាក់ទង។ កំពង់ផែទឹកជ្រៅនៅ Ranong (ទល់មុខនឹងសមុទ្រ Andaman) និងនៅ Chumphon (ទល់មុខនឹងឈូងសមុទ្រថៃ) អាចត្រូវចំណាយទុន 630 ពាន់លានបាត៕