(ភ្នំពេញ) – ក្នុងឱកាសអញ្ជើញជួបវិស័យឯកជន និងប្រកាសដាក់ចេញកិច្ចអន្តរាគមន៍នានា ដើម្បីលើកកម្ពស់ការធ្វើធុរកិច្ចនៅកម្ពុជា នៅឯវិមានសន្តិភាព កាលពីថ្ងៃទី 13 វិច្ឆិកា 2023 ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានជំរុញឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ ពង្រឹងឱ្យបានម៉ត់ចត់បំផុតនូវការហាមនាំចូលម្ហូប ឬចំណីអាហារណាដែលមានគុណភាពទាប។
នាពេលកន្លង វិស័យឯកជន បានស្នើឱ្យមានការពង្រឹងការគ្រប់គ្រងលើការនាំចូលសាច់ជ្រូកបង្កក មាន់ ស៊ុត និងត្រីខុសច្បាប់ ដែលមានតម្លៃថោក និងគុណភាពទាប។ ព្រោះថា វាធ្វើឱ្យអ្នកចិញ្ចឹមក្នុងស្រុកមិនអាចប្រកួតប្រជែងបានដោយស្មើភាព ព្រមទាំងប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ។ នេះបើតាមប្រសាសន៍របស់សម្ដេច ហ៊ុន ម៉ាណែត។
«…ដើម្បីលើកកម្ពស់ការប្រកួតប្រជែងដោយស្មើភាព និងការពារសុខភាពរបស់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាលសម្រេចដាក់ចេញនូវវិធានការ ក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវពង្រឹងឱ្យបានម៉ត់ចត់ការហាមនាំចូលម្ហូប ឬចំណីអាហារណាដែលខូចគុណភាព ឬគុណភាពទាប ដែលប៉ះពាល់ដល់សុខភាព មិនថាឡើយតែសាច់ជ្រូកបង្កក មាន់ ស៊ុត និងត្រូវខុសច្បាប់មកព្រះរាជាណាចក្រកម្ពុជា» សម្ដេចថ្លែងដូច្នេះដើម្បីជាការឆ្លើយតបនឹងសំណើរបស់វិស័យឯកជនក្នុងស្រុក។
ប្រមុខរាជរដ្ឋាភិបាល ក៏បានបញ្ជាឱ្យអាជ្ញាធរពាក់ព័ន្ធ ត្រូវកំណត់ទ្វារព្រំដែនដែលអនុញ្ញាតឱ្យមានការនាំចូលសាច់ជ្រូក បង្កក មាន់ ស៊ុត និងត្រី ដើម្បីបង្កភាពងាយស្រួលនៅក្នុងការគ្រប់គ្រង និងត្រួតពិនិត្យលើការនាំចូលខុសច្បាប់ក្នុងរូបភាពផ្សេងៗផងដែរ៕