(ភ្នំពេញ) – គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទទួលបានការលើកទឹកចិត្តពី ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ទាក់ទងនឹងការរៀបចំឥណទានឡើងវិញ ជូនដល់អតិថិជនរបស់ខ្លួនដែលបានខ្ចីប្រាក់ដើម្បីទិញអចលនទ្រព្យ និងកំពុងរងផលប៉ះពាល់ដោយសារវិបត្តិសេដ្ឋកិច្ច។
«លើកទឹកចិត្តដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ធ្វើការរៀបចំឥណទានឡើងវិញ តាមលទ្ធភាពជាក់ស្តែងរបស់គ្រឹះស្ថាន ដោយផ្អែកលើគោលការណ៍ស្ម័គ្រចិត្ត និងការព្រមព្រៀងរវាងគ្រឹះស្ថាន និងក្រុមហ៊ុនអចលនទ្រព្យ និងអភិវឌ្ឍន៍លំនៅឋានជាបុរី ដែលអនុលោមតាមប្រកាសលេខធមស 017 3 44 ប្រក. ចុះថ្ងៃទី 01 ខែធ្នូ ឆ្នាំ 2017 ស្តីពីចំណាត់ថ្នាក់ហានិភ័យឥណទាន និងសមវិធានធន់» សម្តេច ហ៊ុន ម៉ាណែត បានថ្លែងដូច្នេះនៅឯវិមានសន្ដិភាព កាលពីព្រឹកថ្ងៃទី 13 វិច្ឆិកា 2023 ក្នុងឱកាសអញ្ជើញជាអធិបតីនៃវេទិកា «រាជរដ្ឋាភិបាល -ផ្នែកឯកជន» លើកទី 19 ដើម្បីបើកការជជែកលើបញ្ហាធុរកិច្ចនៅកម្ពុជា។
ដោយសារតែវិស័យអចលនទ្រព្យបាន និងកំពុងរងផលប៉ះពាល់ធ្ងន់ធ្ងរពីវិបត្តិសុខភាព និងវិបត្តិផ្សេងៗទៀត រាជរដ្ឋាភិបាលក៏ដាក់ចេញនូវវិធានការមួយចំនួនដើម្បីចូលរួមដោះស្រាយ។ វិធានការទាំងនេះ រួមមានដូចខាងក្រោម៖
- បន្តពន្យារពេលការបង់ពន្ធជាកញ្ចប់តាមដំណាក់កាលរហូតដល់ដំណាច់ឆ្នាំ 2024 សម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានជាបុរី ដែលបាននឹងកំពុងប្រតិបត្តិការគម្រោងអភិវឌ្ឍន៍លំនៅឋាន ដែលមានអាជ្ញាបណ្ណអចលនវត្ថុផ្តល់ដល់និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ។ល។
- បង្កើនរយៈពេលនៃការបង់ពន្ធជាកញ្ចប់តាមដំណាក់កាលពី 12 ខែ ដល់ 18 ខែ សម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានជាបុរី ដែលបង់ពន្ធតិចជាងមួយលានដុល្លារ និងពី 24 ខែ ដល់ 38 ខែ សម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានជាបុរី ដែលបង់ពន្ធលើសពីមួយលានដុល្លារ។
- ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានជាបុរីថ្មី ឬក្រុមហ៊ុនមានគម្រោងអភិវឌ្ឍន៍លំនៅឋានជាបុរី ដែលមិនទាន់បានអភិវឌ្ឍន៍ត្រូវបង់ពន្ធស្របតាម និតិវិធីជាព័ត៌មានរបបពិត និងត្រូវកាន់បញ្ជីគណនីឱ្យបានត្រឹមត្រូវ។
- បន្តពន្យារពេលការអនុវត្តលើពន្ធចំណេញមូលធន សម្រាប់តែវិស័យអចលនទ្រព្យរហូតដល់ដំណាច់ឆ្នាំ2024។
- បន្តលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរសិទ្ធិ ឬសិទ្ធិកាន់កាប់លំនៅឋានគ្រប់ប្រភេទដែលមានលក្ខណៈជាបុរី និងដែលមានតម្លៃក្រោម ឬស្មើនឹង 7 ម៉ឺនដុល្លាររហូតដល់ដំណាច់ឆ្នាំ 2024។
- លើកទឹកចិត្ត និងស្នើឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ធ្វើការរៀបចំឥណទានឡើងវិញ តាមលទ្ធភាពជាក់ស្តែងរបស់គ្រឹះស្ថាន ដោយផ្អែកលើគោលការណ៍ស្ម័គ្រចិត្ត និងការព្រមព្រៀងរវាងគ្រឹះស្ថាន និងក្រុមហ៊ុនអចលនទ្រព្យ និងអភិវឌ្ឍន៍លំនៅឋានជាបុរី ដែលអនុលោមតាមប្រកាសលេខ 017 3 44 ប្រក. ចុះថ្ងៃទី 01 ខែធ្នូ ឆ្នាំ 2017 ស្តីពីចំណាត់ថ្នាក់ហានិភ័យឥណទាន និងសមវិធានធន។
- លើកលែងការផាកពិន័យផ្សេងៗចំពោះគម្រោងអភិវឌ្ឍន៍លំនៅឋានជាបុរី ប៉ុន្តែក្រុមហ៊ុនអភិវឌ្ឍចាំបាច់ត្រូវបំពេញកាតព្វកិច្ចសមស្របតាមប្រកាសស្តីពីការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍអចលនវត្ថុ។
- ពន្យារពេលអនុវត្តរហូតដល់ដំណាច់ឆ្នាំ 2023 លើសេចក្តីប្រកាសស្តីពីកាតព្វកិច្ចដាក់រាយការណ៍ហិរញ្ញវត្ថុឱ្យសវកម្មឯករាជ្យ ចេញដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
រាជរដ្ឋាភិបាលក៏បានបង្កើតក្រុមការងារអន្តរក្រសួងចំនួនពីរ ដើម្បីតាមដាន ដោះស្រាយបញ្ហាប្រឈម នៅក្នុងវិស័យនេះអចលនទ្រព្យផងដែរ។
សម្តេចធិបតី ក៏បានដាក់ចេញនូវវិធានការមួយចំនួនទៀត ដើម្បីជួយដល់វិស័យអចលទ្រព្យ និងសំណង់ ក្នុងនោះសម្រាប់ផ្ទះមានតម្លៃលើស 7 ម៉ឺនដុល្លារអាមេរិក ត្រូវបានអនុញ្ញាតឱ្យដកតម្លៃ 7 ម៉ឺនដុល្លារអាមេរិកចេញពីមូលដ្ឋាន នៃការគិតពន្ធប្រថាប់ត្រា ក៏ដូចជាការលើកលែងពន្ធប្រថាប់ត្រាដល់អចលនទ្រព្យដែលត្រូវបានទិញ-លក់ក្នុងតម្លៃក្រោម 7 ម៉ឺនដុល្លារ រហូតដល់ឆ្នាំ 2024 ផងដែរ៕