នៅថ្ងៃទី 15 ខែវិច្ឆិកា ឆ្នាំ 2023 ស្ពានបេតុងខ្សែកាបឆ្លងទន្លេ ពីតំបន់អភិវឌ្ឍន៍កោះពេជ្រ ទៅតំបន់អភិវឌ្ឍន៍កោះនរា នឹងត្រូវដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ខាងលើនេះគឺជាការបញ្ជាក់របស់លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ ក្នុងពេលអញ្ជើញជាអធិបតីភាពសម្ពោធបើកឱ្យដំណើរការអគារពង្រីកបន្ថែមថ្មី ផ្សារទំនើប អ៊ីអនម៉លភ្នំពេញ កាលពីថ្ងៃទី 04 ខែវិច្ឆិកា ឆ្នាំ 2023។
ស្ពានកោះពេជ្រ – កោះនរា ត្រូវបានប្រមុខរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឱ្យប្រើប្រាស់ជាបណ្តោះអាសន្នកាលពីថ្ងៃទី 20 ខែតុលា ឆ្នាំ 2023 ដើម្បីបញ្ជៀសការកកស្ទះចរាចរណ៍នៅស្ពានព្រះមុនីវង្ស និងស្ពានអាកាសក្បាលថ្នល់។ បច្ចុប្បន្ន ស្ពាននេះកំពុងទទួលបានចំណាប់អារម្មណ៍ខ្លាំងពីសាធារណជន ពិសេសគឺពលរដ្ឋដែលត្រូវធ្វើដំណើរឆ្លងកាត់តំបន់ផ្សារច្បារអំពៅនាពេលកន្លង។ ស្ពាននេះក៏កំពុងតែក្លាយជាស្ពានដ៏សំខាន់ដែលតភ្ជាប់ទីក្រុងរណបកោះនរា ក៏ដូចជាផ្លូវជាតិលេខ 1 ទៅនឹងចំណុចកណ្តាលនៃរាជធានីភ្នំពេញ។
ស្ពានដែលសាងសង់ដោយក្រុមហ៊ុន OCIC និងមានបណ្ដោយ 824 ម៉ែត្រ និងទទឹង 24.50 ម៉ែត្រនេះ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី 26 ខែតុលា ឆ្នាំ 2020 ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ការសាងសង់ស្ពាននេះត្រូវចំណាយថវិកាសរុបចំនួន 38 លានដុល្លារអាម៉េរិក។