ភ្នំពេញ – ខណៈកម្ពុជាកំពុងតែមានការអភិវឌ្ឍលើវិស័យឧស្សាហកម្ម និងសំណង់ ព្រមទាំងវិស័យពាក់ព័ន្ធជាច្រើនទៀតនោះ គេមើលឃើញថា វិស័យរ៉ែ និងថាមពលក៏បានចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍវិស័យទាំងនោះដែរ។
តើបច្ចុប្បន្នវិស័យរ៉ែ និងថាមពលរបស់កម្ពុជាបានពង្រីកសក្ដានុពលរបស់ខ្លួនយ៉ាងដូចម្ដេចហើយ?
យោងតាមរបាយការណ៍ផ្លូវការចេញដោយក្រសួងរ៉ែ និងថាមពល បានបង្ហាញឱ្យឃើញពីសក្ដានុពលដ៏សំខាន់ៗរបស់ខ្លួនក្នុងការជួយជំរុញការអភិវឌ្ឍជាច្រើននៅក្នុងព្រះរាជាណាចក្រកម្ពុជា៖
– ការធ្វើអាជីវកម្មផ្នែកអនុវិស័យរ៉ែថ្ម សម្ភារសំណង់បានឆ្លើយតប និងបំពេញបានតាមតម្រូវការនៃវិស័យសំណង់ និងអចលនទ្រព្យនៅទូទាំងប្រទេសដែលកំពុងមានសម្ទុះរីកចម្រើនយ៉ាងខ្លាំងនាពេលបច្ចុប្បន្ន ។
– វិស័យរ៉ែបានសម្រេចបង្កើតបានជាថ្មីនូវសករាជនៃឧស្សាហកម្មផលិតស៊ីម៉ង់ត៍របស់កម្ពុជា តាមរយៈការបង្កើតបាននូវសមត្ថភាពផលិតស៊ីម៉ង់ត៍ក្នុងស្រុកសរុបប្រមាណ 7លានតោនក្នុងមួយឆ្នាំសម្រាប់បំពេញតម្រូវការក្នុងវិស័យសំណង់ និងជំនួសការនាំចូល។
– គម្រោងអាជីវកម្មរ៉ែមាសទ្រង់ទ្រាយធំចំនួនពីរ ត្រូវបានសិក្សារៀបចំឡើង និងគ្រោងចាប់ផ្តើមផលិតកម្មនៅឆ្នាំ2018 និងនៅឆ្នាំ2019 នៅខេត្តរតនគិរី និងខេត្តមណ្ឌលគិរី។
– ក្នុងវិស័យអគ្គិសនី វារីអគ្គិសនីចំនួន6ស្ថានីយ មានអានុភាពសរុប 928 មេហ្កាវ៉ាត់ អគ្គិសនីដើរដោយធ្យូងថ្មមាន 505 មេហ្កាវ៉ាត់ អគ្គិសនីដើរដោយប្រេងមាន 218 មេហ្កាវ៉ាត់ និងថាមពលព្រះអាទិត្យមាន 10 មេហ្កាវ៉ាត់ បានផ្គត់ផ្គង់តាមរយៈខ្សែបណ្ដាញជាតិបញ្ជូនអគ្គិសនីឲ្យដល់រាជធានី-ខេត្ត ចំនួន18 និងបានផ្គត់ផ្គង់ដល់ភូមិ ចំនួនជាង11,200ភូមិ ត្រូវជា80ភាគរយនៃចំនួនភូមិទូទាំងប្រទេស និងបានតភ្ជាប់ទៅលំនៅដ្ឋានបានចំនួនប្រមាណជិត2លានខ្នងផ្ទះ ត្រូវជា60ភាគរយនៃចំនួនខ្នងផ្ទះសរុបទូទាំងប្រទេស។
– កម្ពុជាបានចាប់ផ្តើមបោះជំហានតាមផែនការអភិវឌ្ឍន៍វិស័យប្រេងកាតរបស់ខ្លួននៅតំបន់ប្លុកប្រេងកាតដែនសមុទ្រ ហើយគ្រោងនឹងចាប់ផ្តើមផលិតកម្មដំណក់ប្រេងឆៅរបស់ខ្លួនជាលើកដំបូងនៅចុងឆ្នាំ2019។
– រោងចក្រចម្រាញ់ប្រេងកាតមួយដែលមានសមត្ថភាព 5លានតោនក្នុង1ឆ្នាំ ត្រូវបានដាក់ឲ្យវិនិយោគសាងសង់ និងបើកផ្លូវឲ្យកម្ពុជាបង្កើតបានឡើងវិញជាថ្មីនូវឧស្សាហកម្មវិស័យប្រេងកាតរបស់ខ្លួន៕