រាជរដ្ឋាភិបាលថៃទើបតែបានប្រកាសផែនការប្រើប្រាស់កម្លាំងទន់ដើម្បីជួយបង្កើតប្រាក់ចំណូលប្រចាំឆ្នាំប្រហែល 4 ទ្រីលាន (4,000,000,000,000.00) បាត នៅក្នុងរង្វង់បួនឆ្នាំខាងមុខ ដោយការចាប់ផ្ដើមអនុវត្តគម្រោងបណ្ដុះបណ្ដាលកម្លាំងពលកម្ម 20 លាននាក់ សម្រាប់ការអភិវឌ្ឍឧស្សាហកម្មច្នៃប្រណិតចំនួន 11 វិស័យ និងជំរុញកម្លាំងទន់របស់ប្រទេសនេះនៅទូទាំងពិភពលោក។
គំនិតថ្មីរបស់រាជរដ្ឋាភិបាលថៃនេះ នឹងត្រូវបានចែកជាបីដំណាក់កាល ក្នុងនោះដំណាក់កាលដំបូងនឹងត្រូវបានអនុវត្តក្នុងរយៈពេល 100 ថ្ងៃ និងផ្ដោតទៅលើការបង្កើតបណ្ដាទីតាំងព្រឹត្តិការណ៍ កែសម្រួលបទបញ្ជានានាដែលទាក់ទងនឹងក្រសួងវប្បធម៌ និងការប្រារព្ធពិធីបុណ្យទាំងឡាយនៅក្នុងរដូវរងា។
ដំណាក់កាលទីពីរដែលអូសបន្លាយដល់ខែមេសាឆ្នាំ 2024 នឹងផ្ដោតលើគំនិតផ្ដួចផ្ដើម «គ្រួសារមួយ – អំណាចទន់មួយ» ដែលនឹងត្រូវអនុវត្តជាមួយនឹងសំណើបង្កើតអាជ្ញាធរគ្រប់គ្រងមាតិកម្មច្នៃប្រឌិតថៃ (THACCA)។
ដំណាក់កាលនេះ មនុស្ស 20 លាននាក់ មកពី 20 លានគ្រួសារ នឹងត្រូវបានបណ្ដុះបណ្ដាល ដើម្បីអភិវឌ្ឍអំណាចទន់របស់ប្រទេសជាតិ ដែលបង្កបង្កើតឡើងពីវិស័យឧស្សាហកម្មច្នៃប្រឌិតចំនួន 11 រួមមាន ម្ហូបអាហារ កីឡា ពិធីបុណ្យ ទេសចរណ៍ តន្ត្រី សៀវភៅ ភាពយន្ត ល្បែងកម្សាន្ត សិល្បៈ ការរចនា និងការច្នៃម៉ូដែលសម្លៀកបំពាក់។ ក្នុងដំណាក់កាលនេះ ពិធីបុណ្យជះទឹក (ចូលឆ្នាំថ្មី) និងវេទិកាអំណាចទន់ នឹងត្រូវបានប្រារព្ធឡើងនៅប្រទេសថៃ។
ដំណាក់កាលចុងក្រោយនៃគំនិតផ្ដួចផ្ដើមនេះគ្រោងនឹងអូសបន្លាយដល់ខែតុលា 2024។ បណ្ដាព្រឹត្តិការណ៍មហោស្រពភាពយន្ត និងតន្ត្រី នឹងត្រូវបានជំរុញបន្ថែមដើម្បីគាំទ្រដល់អំណាចទន់របស់ប្រទេសថៃ ក្នុងការចូលរួមក្នុងព្រឹត្តិការណ៍សកលនានា។ ក្រសួងការបរទេសនឹងទទួលខុសត្រូវទាំងស្រុងតាមរយៈការប្រឹងប្រែងរបស់អ្នកការទូត និងទីប្រឹក្សាពាណិជ្ជកម្មថៃនៅតាមបណ្ដាប្រទេសលើពិភពលោក។
ក្រសួងវប្បធម៌ថៃកំណត់គោលដៅបង្កើតតម្លៃសេដ្ឋកិច្ចនៅក្នុងបណ្ដាវិស័យជាក់លាក់ មានជាអាទិ៍ ភាពយន្ត ការរចនាសម្លៀកបំពាក់ ម្ហូបអាហារ-ភេសជ្ជៈ កីឡា តន្ត្រី ទេសចរណ៍-វប្បធម៌ អក្សរសិល្ប៍ សិល្បៈសហសម័យ សុខាភិបាល-សុខភាព សុសវែរ-ល្បែងកម្សាន្ត ក្នុងបំណងរកប្រាក់ចំណូលឱ្យបាន 300 ដល់ 400 លានបាតពីព្រឹត្តិការណ៍នីមួយៗ។
ក្រសួងវប្បធម៌ថៃក៏សហការជាមួយវិទ្យាស្ថានគ្រប់គ្រងពាណិជ្ជកម្ម Sasin របស់សាកលវិទ្យាល័យ Chulalongkorn ដើម្បីបង្កើតសន្ទស្សន៍ស្ថិតិវប្បធម៌ វាស់ស្ទង់ផលប៉ះពាល់របស់បណ្ដាសកម្មភាពវប្បធម៌ចំពោះសេដ្ឋកិច្ចប្រទេសនេះផងដែរ។ វិធីសាស្ត្រគ្រប់ជ្រុងជ្រោយនេះគឺធ្វើឡើងក្នុងគោលដៅលើកកម្ពស់អំណាចទន់របស់ប្រទេសថៃ ក៏ដូចជាតម្លៃសេដ្ឋកិច្ច និងវប្បធម៌របស់ប្រទេសនេះ នៅលើឆាកអន្តរជាតិ៕