ទីភ្នាក់ងារអវកាសអាម៉េរិក (ណាសា) ទើបតែបានធ្វើការសាកល្បងក្បាលបាញ់កម្លាំងរុញច្រានរបស់ម៉ាស៊ីនរ៉ុក្កែតអវកាស ដែលផលិតដោយបច្ចេកវិទ្យាបោះពុម្ព 3D នៅឯមជ្ឈមណ្ឌលអវកាស Marshall ក្នុងរដ្ឋ Alabama សហរដ្ឋអាម៉េរិក។
គម្រោងនេះត្រូវបានអនុវត្តដោយណាសា សហការជាមួយនឹងដៃគូចំនួនពីរគឺ Elementum 3D និង RPM Innovations។ នេះគឺជាផ្នែកមួយនៃគម្រោងផលិតសារធាតុបន្ថែមដែលមានប្រតិកម្ម សម្រាប់បដិវត្តន៍ឧស្សាហកម្មលើកទីបួន (RAMFIRE) របស់ណាសា។ RAMFIRE ប្រើប្រាស់ការរួមផ្សំជាមួយនឹងបច្ចេកវិទ្យាបោះពុម្ព 3D និងអាលុយមីញូម ដើម្បីកាត់បន្ថយពេលវេលា និងទម្ងន់ផលិតកម្ម ទន្ទឹមនឹងការកាត់បន្ថយចំណាយ និងអាចត្រូវបានផលិតនៅក្នុងទីអវកាស។
កន្លងមក អាលុយមីញូមមិនត្រូវបានប្រើប្រាស់ក្នុងការផលិតយានអវកាស ដោយសារតែវាងាយនឹងក្ដៅ និងប្រេះក្នុងពេលផ្សារភ្ជិត។ ក៏ប៉ុន្តែ បច្ចេកទេសបោះពុម្ព 3D ដែលណាសាប្រើប្រាស់ខាងលើ បានជួយដោះស្រាយបញ្ហាទាំងនេះ ដោយការលុបបំបាត់តម្រូវការផ្សារភ្ជាប់ និងបង្កើតបានចង្អូរតូចៗនៅខាងក្នុងលោហធាតុ អនុញ្ញាតឱ្យវាចុះត្រជាក់ ដែលជួយទប់ស្កាត់បញ្ហាក្ដៅរហូតដល់រលាយ។
John Vickers ប្រធានក្រុមស្រាវជ្រាវរបស់គម្រោង RAMFIRE បានឱ្យដឹងថា គម្រោងនានាដូច RAMFIRE នឹងជួយអភិវឌ្ឍបណ្ដាប្រព័ន្ធរុញច្រានថ្មីដែលគាំទ្រដល់បេសកកម្មប្រកបដោយមហិច្ឆតារបស់ណាសា ក្នុងការឆ្ពោះទៅកាន់ឋានព្រះចន្ទ ភពអង្គារ និងឆ្ងាយជាងនេះ៕