ក្រុមហ៊ុន Lucid Group បញ្ចុះតម្លៃស៊េរីរថយន្តសេដានប្រណិត Air កាលពីដើមសប្ដាហ៍នេះ នៅក្នុងរយៈពេលមានកំណត់ នៅមុនរដូវបុណ្យ គ្រាដែលការប្រកួតប្រជែងតម្លៃកំពុងកើតឡើង និងតម្រូវការរថយន្តអគ្គិសនីថយចុះ។
បញ្ហាការប្រាក់កើនឡើងខ្ពស់បានប៉ះពាល់ដល់តម្រូវការទិញរថយន្តអគ្គិសនី ហើយបណ្ដាក្រុមអ្នកផលិតរថយន្តអគ្គិសនី ដែលនាំមុខដោយ Tesla ក៏បានប្រតិកម្មតាមរយៈការបញ្ចុះតម្លៃ។ Tesla បានបញ្ចុះតម្លៃរថយន្តរបស់ខ្លួនជាបន្តបន្ទាប់នៅក្នុងឆ្នាំនេះ ដើម្បីទប់ស្កាត់រថយន្តអគ្គិសនីរបស់ក្រុមហ៊ុនដទៃ ដណ្ដើមយកចំណែកទីផ្សាររបស់ខ្លួន។
របាយការណ៍មួយរបស់ Cox Automotive បង្ហាញថា «សង្គ្រាមតម្លៃរថយន្តអគ្គិសនី» បានបង្ខំឱ្យបណ្ដាក្រុមហ៊ុនត្រូវតែផ្ដល់អាទិភាពដល់បរិមាណជាងអត្រាប្រាក់ចំណេញ និងបានបញ្ចុះតម្លៃមធ្យមរបស់រថយន្តអគ្គិសនីមកនៅត្រឹម 50,683 ដុល្លារអាម៉េរិក/គ្រឿង នៅក្នុងខែកញ្ញា 2023។
ក្រុមហ៊ុន Lucid ក៏បានបញ្ចុះតម្លៃរថយន្ត Air Touring ពី 95,000 ដុល្លារ មកនៅត្រឹម 87,500 ដុល្លារ ខណៈដែល Air Grand Touring ត្រូវបានបញ្ចុះតម្លៃ 10,000 ដុល្លារ ដោយលក់ត្រឹមតែ 115,600 ដុល្លារ។
ក្រុមហ៊ុនដែលមានទីស្នាក់ការកណ្ដាលនៅសហរដ្ឋអាម៉េរិកមួយនេះក៏បានបញ្ចុះតម្លៃរថយន្តអគ្គិសនី Air Pure ប្រភេទ Four-Wheel drive (ថាមពលរបស់រថយន្តត្រូវបានបែងចែកទៅកង់ទាំងបួន) ពី 82,400 ដុល្លារ មកនៅត្រឹម 74,900 ដុល្លារផងដែរ។ Air Pure ដែលជារថយន្តអគ្គិសនីប្រភេទ Rear-Wheel drive (ប្រើកង់ក្រោយ) មានតម្លៃ 77,400 ដុល្លារ ពោលគឺនៅតែមិនប្រែប្រួល។
បច្ចុប្បន្ន ការបញ្ចុះតម្លៃខាងលើ ត្រូវបានក្រុមហ៊ុន Lucid អនុវត្តនៅសហរដ្ឋអាម៉េរិក និងកាណាដា៕