ភ្នំពេញ៖ បើតាមការឱ្យដឹងជាផ្លូវការពីថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជាដែលបានលើកឡើងថា ក្រុមហ៊ុនធំៗរបស់មហាយក្សចិនចំនួនពីរបានសន្យាក្នុងការជួយជ្រោមជ្រែងកសិករខ្មែរតាមការទិញអង្ករពីកម្ពុជាឱ្យបានកាន់តែច្រើនដើម្បីយកទៅលក់បន្តនៅលើទីផ្សារក្នុងប្រទេសរបស់ខ្លួន្លួន ខណៈដែលអង្ករក្រអូបកម្ពុជាជាប់ចំណាត់ថ្នាក់លេខ1។
តាមការឱ្យដឹងពីមន្ត្រីជាន់ខ្ពស់កម្ពុជានៅថ្ងៃទី13 វិច្ឆិកាម្សិលមិញថា ឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ជាមួយក្រុមហ៊ុនចិនចំនួនពីរ ដែលមានឯកឧត្តម LIU Liange ប្រធានធនាគារនីហរ័ណ-អាហរ័ណចិន និង លោក WANG Jiong ប្រធានក្រុមហ៊ុន CITIC Group លើគម្រោងជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករពីកម្ពុជា។
ជាមួយគ្នានេះដែរ ក៏មានការចុះអនុស្សរណៈយោគយល់គ្នាផ្សេងមួយទៀតរវាងកម្ពុជា ដែលតំណាងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្មកម្ពុជា ជាមួយភាគីចិនតំណាងដោយក្រុមហ៊ុន CITIC Construction Co., Ltd. និងក្រុមហ៊ុន Henan Yuguang International Economic & Technical Cooperation ក្នុងគោលបំណងកំណត់មូលដ្ឋានសម្រាប់រៀបចំ និងអនុវត្តគម្រោងសាងសង់ ប្រតិបត្តិការ និងការថែទាំហេដ្ឋារចនាសម្ព័ន្ធ។
អនុស្សរណៈទី2នេះដែរ គឺដើម្បីកំណត់ចំណុចសំខាន់ៗពាក់ព័ន្ធនឹងទស្សនទាន វិសាលភាព រចនាសម្ព័ន្ធ អនុវត្តប្រភព និងគំរូហិរញ្ញប្បទាន ព្រមទាំងកិច្ចការហិរញ្ញវត្ថុនៃគម្រោង ជាពិសេសនឹងផ្ដល់ជាមូលដ្ឋានច្បាស់លាស់សម្រាប់ការរៀបចំ និងការអនុវត្តគម្រោងដូចជា ការសិក្សាសមិទ្ធលទ្ធភាព ការរៀបចំប្លង់លម្អិត ផែនការហិរញ្ញប្បទាន ការសាងសង់ ប្រតិបត្តិការ និងការថែទាំហេដ្ឋារចនាសម្ព័ន្ធគម្រោង យន្តការប្រើប្រាស់ស្រូវអង្ករស្តុកក្នុងឃ្លាំងជាវត្ថុបញ្ចាំ ដើម្បីទទួលបានឥណទានពីធនាគារ និងការបង្កើតទីផ្សារលក់ដូរស្រូវ-អង្ករ។
ចំណែកភាគីចិនក៏បានប្តេជ្ញានៅពេលចុះអនុស្សរណៈនោះដែរថា នឹងខិតខំប្រឹងប្រែងជួយជ្រោមជ្រែងដើម្បីបង្កើនការនាំចេញអង្ករកម្ពុជាទៅចិនបន្ថែមពីលើកូតាដែលមានស្រាប់ហើយ និងសម្រាប់គម្រោងនេះដែរ ត្រូវបានរចនាឡើងសំដៅដោះស្រាយបញ្ហាប្រឈមនានាក្នុងវិស័យស្រូវ-អង្ករនៅកម្ពុជាសម្រាប់រយៈពេលវែង និងប្រកបដោយចីរភាព ពោលគឺដំណោះស្រាយជាប្រព័ន្ធ និងគ្រប់ជ្រុងជ្រោយ ហើយក៏ជាការបោះជំហានទៅមុខមួយជំហានទៀត មុននឹងឈានដល់ដំណោះស្រាយសម្រាប់ដំណាំ និងផល្លានុផលផ្សេងទៀត៕