កាលពីថ្ងៃទី 03 វិច្ឆិកា 2023 ទីភ្នាក់ងារភស្តុភារជាតិឥណ្ឌូនេស៊ី (Bulog) បានចុះកិច្ចព្រមព្រៀងនាំចូលអង្ករមួយលានតោនពីប្រទេសមួយចំនួននៅអាស៊ី នៅក្នុងគម្រោងនាំចូលអង្ករបន្ថែម 1.5 លានតោនរបស់ប្រទេសនេះ។
លោក Mokhamad Suyamto ប្រធានបណ្ដាញផ្គត់ផ្គង់ និងសេវាសាធារណៈរបស់ Bulog ឱ្យដឹងថា ការនាំចូលបន្ថែមនេះធ្វើឡើងក្នុងបំណងបង្កើនបរិមាណអង្ករក្នុងឃ្លាំងរបស់រដ្ឋាភិបាលឥណ្ឌូណេស៊ី រហូតដល់ឆ្នាំ 2024។
«បច្ចុប្បន្ន យើងមានកិច្ចព្រមព្រៀងជាមួយនឹងបណ្ដាប្រទេសនាំចេញអង្ករធំៗ រួមមាន ថៃ វៀតណាម ប៉ាគីស្ថាន និងមីយ៉ាន់ម៉ា» លោក Suyamto ឱ្យដឹងដូច្នេះ និងបញ្ជាក់ថា «យើងក៏នឹងពិចារណាក្នុងការនាំចូលអង្ករពី ឥណ្ឌា កម្ពុជា និងបណ្ដាប្រទេសដទៃ បើសិនពួកគេអាចឆ្លើយតបនឹងលក្ខខណ្ឌតម្រូវការ»។
យោងតាមលោក Suyamto បើទោះរដ្ឋាភិបាលបានអនុញ្ញាតឱ្យនាំចូលអង្ករបន្ថែម 1.5 លានតោនក៏ដោយ ប៉ុន្តែបរិមាណអង្ករនាំចូលនេះនឹងអាចត្រូវបានកែប្រែទៅតាមតម្រូវការជាក់ស្ដែងរបស់ទីផ្សារក្នុងប្រទេស។
ក្នុង 7 ខែដើមឆ្នាំ 2023 អង្ករសរុបដែលត្រូវបានឥណ្ឌូណេស៊ីនាំចូលគឺមាន 50% មកពីប្រទេសថៃ និង 47% មកពីប្រទេសវៀតណាម។ នេះបើតាមអាជ្ញាធរឥណ្ឌូណេស៊ី៕