ទីតាំងនៃតំបន់សេដ្ឋកិច្ចពិសេសពីរកន្លែងនៅកម្ពុជា កំពុងត្រូវបានសិក្សាពីសំណាក់ក្រុមហ៊ុនធំមួយរបស់ចិន ដែលគ្រោងនឹងបណ្ដាក់ទុនវិនិយោគចំនួន 500 លានដុល្លារអាម៉េរិក។
កាលពីថ្ងៃទី 31 តុលា 2023 ក្នុងពេលចុះធ្វើទស្សនកិច្ចតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តស្វាយរៀង ឯកឧត្ដម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទីមួយនៃក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា បានថ្លែងថា ក្រុមហ៊ុនចិនដ៏ធំមួយ កំពុងសិក្សាទីតាំងនៃតំបន់សេដ្ឋកិច្ចពិសេសចំនួនពីរកន្លែង សម្រាប់ការវិនិយោគ 500 លានដុល្លាររបស់ខ្លួន។
ឯកឧត្ដម ស៊ុន ចាន់ថុល ធ្លាប់បានឱ្យដឹងថា ក្នុងរយៈពេលទស្សនកិច្ចនៅក្នុងប្រទេសចិនចាប់ពីថ្ងៃទី 20 ដល់ថ្ងៃទី 24 តុលា ឯកឧត្តម បានជួបពិភាក្សាជាមួយក្រុមហ៊ុនធំៗរបស់ចិនចំនួន 12 ក្រុមហ៊ុន និងបានពន្យល់ពួកគេអំពីគោលនយោបាយគាំពារអ្នកវិនិយោគរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។ ក្នុងនោះ មានក្រុមហ៊ុនធំមួយរបស់ចិន បានសម្រេចចិត្តមកវិនិយោគនៅកម្ពុជា ហើយបច្ចុប្បន្នកំពុងជ្រើសរើសទីតាំងបណ្ដាក់ទុនមួយក្នុងចំណោមពីរ ដែលមួយគឺតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ និងពីរគឺ តំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តស្វាយរៀង៕