(សហរដ្ឋអាម៉េរិក) – យន្តហោះ Dream Chaser ដែលមានជំនាញខាងដឹកទំនិញឡើងទៅកាន់ ISS នឹងបំពាក់ម៉ាស៊ីនរ៉ុក្កែតតូចៗជាច្រើនគ្រឿង អាចដឹកទំនិញបាន 5,550 គីឡូក្រាមក្នុងមួយជើង។
Dream Chaser ដែលជាយន្តហោះអវកាសពាណិជ្ជកម្មផលិតដោយក្រុមហ៊ុន Sierra Space នៅសហរដ្ឋអាម៉េរិក កំពុងឆ្ពោះទៅជិតដល់ថ្ងៃបាញ់បង្ហោះ។ Dream Chaser ដែលត្រូវបានអភិវឌ្ឍដើម្បីបំពេញភារកិច្ចបាន 15 ជើង នឹងដឹកជញ្ជូនទំនិញឡើងទៅកាន់ស្ថានីយអវកាសអន្តរជាតិ (ISS) ហើយអាចដើរតួនាទីសំខាន់ចំពោះបណ្ដាស្ថានីយអវកាសនាពេលអនាគត។ នេះបើតាម Interesting Engineering ចុះផ្សាយកាលពីថ្ងៃទី 02 វិច្ឆិកា 2023។
យន្តហោះអវកាសនេះមានដងខ្លួនប្រវែង 9 ម៉ែត្រ និងស្លាបប្រវែង 7 ម៉ែត្រ។ ស្លាបរបស់វាអាចបត់បាន អនុញ្ញាតឱ្យគេប្រើប្រាស់វាដូចទៅនឹងទំនិញដែលដាក់លើរ៉ុក្កែត។ Dream Chaser ត្រូវបានណាសាជ្រើសរើសជាយានដឹកទំនិញទីបីសម្រាប់ឆ្នាំ 2026។ វាក៏នឹងត្រូវបានប្រើប្រាស់ក្នុងការដឹកសំរាមពី ISS មកបញ្ឆេះចោលក្នុងស្រទាប់បរិយាកាសផែនដីផងដែរ។
តាមផែនការ ជើងហោះហើរដំបូងរបស់ Dream Chaser នឹងធ្វើឡើងនៅក្នុងឆ្នាំ 2019 ប៉ុន្តែត្រូវអាក់ខានច្រើនលើកដោយសារបញ្ហាកូវីដ-19។ វានឹងត្រូវបានដឹកទៅកាន់មជ្ឈមណ្ឌលសាកល្បង Neil Armstrong របស់ណាសា នៅ Ohio ដើម្បីធ្វើតេស្តពីមួយទៅបីខែ មុនពេលវិលត្រលប់ទៅកាន់មជ្ឈមណ្ឌលអវកាស Kennedy នៅ Florida ដើម្បីធ្វើការហោះហើរជើងដំបូងដែលគ្រោងនឹងធ្វើឡើងនៅខែមេសាឆ្នាំក្រោយ តាមរយៈរ៉ុក្កែត Vulcan របស់ក្រុមហ៊ុន United Launch Alliance៕