រដ្ឋមន្ត្រីការបរទេសឡាវ និងថៃ បានចាប់ផ្ដើមកិច្ចពិភាក្សាអំពីការស្ថាបនាស្ពានសម្រាប់ផ្លូវដែកមួយខ្សែដែលឆ្លងកាត់ទន្លេមេគង្គ។ ស្ពាននេះនឹងតភ្ជាប់រដ្ឋធានីវៀងចន្ទន៍របស់ប្រទេសឡាវ ជាមួយនឹងខេត្តណងខៃនៅតំបន់ឦសានប្រទេសថៃ។
សារព័ត៌មានឡាវ ដែលបានចុះផ្សាយកាលពីថ្ងៃទី 01 វិច្ឆិកា ឱ្យដឹងថា ក្នុងជំនួបរវាងឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសឡាវ លោក Saleumxay Kommasith និងរដ្ឋមន្ត្រីការបរទេសថៃ Parnpree Bahiddha-Nukara នៅវៀងចន្ទន៍កាលពីថ្ងៃទី 30 តុលា ភាគីទាំងពីរបានពិភាក្សាអំពីការពង្រីកផ្លូវដែកឆ្លងប្រទេស ពីខេត្តណងខៃប្រទេសថៃ ទៅកាន់ស្ថានីយរថភ្លើង Khamsavath ក្នុងរដ្ឋធានីវៀងចន្ទន៍ ដើម្បីជំរុញកំណើនវិស័យទេសចរណ៍ និងបង្កភាពងាយស្រួលបន្ថែមទៀតសម្រាប់ផ្លូវដែកឡាវ – ចិន។
រដ្ឋមន្ត្រីប្រទេសទាំងពីរក៏បានឯកភាពគ្នាលើការលើកទឹកចិត្តដល់វិស័យពាក់ព័ន្ធនៃប្រទេសទាំងពីរ នៅក្នុងការពិនិត្យលទ្ធភាព និងវិធានការនានាដើម្បីបង្កើនប្រាក់ចំណូលក្នុងវិស័យពាណិជ្ជកម្មទ្វេភាគី តាមរយៈការលុបបំបាត់ឧបសគ្គដែលមាននាបច្ចុប្បន្ន និងបង្កលក្ខណៈងាយស្រួលជាងនេះសម្រាប់សកម្មភាពជំនួញ។
ជំនួបខាងលើនេះក៏ត្រូវបានធ្វើឡើងក្នុងបំណងជំរុញវិស័យទេសចរណ៍រវាងប្រទេសឡាវ និងប្រទេសថៃផងដែរ តាមរយៈការប្រើប្រាស់ស្ថានីយរថភ្លើង Khamsavath នៅវៀងចន្ទន៍៕