ភ្នំពេញ៖ លោក ចៅ សុភៈភិបាល អគ្គនាយកស្តីទី នៃអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ កាលពីថ្ងៃទី 1 ខែវិច្ឆិកាម្សិលមិញ បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេសអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ នៃក្រសួងសាធារណការ និងដឹកជញ្ជូន ចុះធ្វើទស្សនកិច្ចស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក រាជធានីភ្នំពេញ ដោយមានការចូលរួមពីលោកអគ្គនាយករង ប្រធាននាយកដ្ឋានជំនាញក្រោមឱវាទ និងមន្ត្រីបច្ចេកទេស ក្រោមការសម្របសម្រួលពីមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងក្រុមហ៊ុនសាងសង់។
គម្រោងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់នេះគ្រោងធ្វើការប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ និងដាក់ឱ្យដំណើរការនៅដើមសប្តាហ៍ទីពីរ នៃខែវិច្ឆិកា ឆ្នាំ 2023 ខាងមុខ។
ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់នេះ សាងសង់ដោយក្រុមហ៊ុនចម្រុះ គូបូតា-មេតាវ៉ត់ធឺ ជ័ន វែនឈួរ (Kubota-Metawater Joint Venture) លើផ្ទៃដីទំហំ 3 ហិកតា ស្ថិតនៅភូមិព្រែកតាគង់មួយ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន និងមានតម្លៃប្រមាណ 20 លានដុល្លារអាមេរិក៕