(ហាណូយ) – នៅក្នុងកិច្ចប្រជុំកំពូលស្ដីពីពាណិជ្ជកម្មវៀតណាម – អាម៉េរិក ដែលរៀបចំដោយ VCCI និង AmCham នាព្រឹកថ្ងៃទី 31 តុលា នេះ ឧបនាយករដ្ឋមន្ត្រីវៀតណាម សង្ឃឹមថា ភាគីទាំងពីរនឹងលើកកម្ពស់តម្លៃពាណិជ្ជកម្មទ្វេភាគីឱ្យឡើងដល់ 200 ពាន់លានដុល្លារអាម៉េរិក នាពេលឆាប់ៗខាងមុខ។
ក្នុងកិច្ចប្រជុំខាងលើ លោកឧបនាយករដ្ឋមន្ត្រីវៀតណាម លោក ត្រឹង លឺវ ក្វាង បានលើកឡើងនូវចំណុចសំខាន់ និងអាទិភាពចំនួន 5 នៅក្នុងទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគីស្ដីពីសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ រវាងវៀតណាម និងសហរដ្ឋអាម៉េរិក។
ក្នុងបណ្ដាចំណុចសំខាន់ និងអាទិភាពទាំងនេះ រួមមានជាអាទិ៍ ការអនុវត្តតាមកិច្ចសន្យាទាំងឡាយនៅក្នុងសេចក្ដីប្រកាសរួមនៅពេលលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរ ការបង្កើនការនាំចេញ-នាំចូល ក៏ដូចជាការស្នើឱ្យបណ្ដាក្រុមហ៊ុនអាម៉េរិកបង្កើនការជួយជ្រោមជ្រែងដើម្បីឱ្យវៀតណាមឆាប់ទទួលបានការទទួលស្គាល់ថាជាសេដ្ឋកិច្ចទីផ្សារធំមួយ។
ចំណែកប្រធាន VCCI និងប្រធាន AmCham ដែលជាអ្នករៀបចំកិច្ចប្រជុំខាងលើ ក៏សង្ឃឹមថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងវៀតណាម -អាម៉េរិក នឹងស៊ីជម្រៅជាងមុន។
នាបច្ចុប្បន្ន សហរដ្ឋអាម៉េរិកគឺជាដៃគូពាណិជ្ជកម្មធំជាងគេលំដាប់ទីពីរ និងជាទីផ្សារនាំចេញធំបំផុតរបស់វៀតណាម។ វៀតណាមក៏ជាដៃគូពាណិជ្ជកម្មមួយក្នុងចំណោមដៃគូធំជាងគេទាំង 10 របស់សហរដ្ឋអាម៉េរិក៕