ភាពទំនើបនៃបច្ចេកវិទ្យាបានផ្លាស់ប្តូរការរស់នៅរបស់មនុស្សសម័យថ្មីយ៉ាងច្រើន ជាពិសេសការយល់ដឹង និងការទទួលបានព័ត៌មាន។ ថ្វីត្បិតតែបណ្តាញបច្ចេកវិទ្យា ជាពិសេសបណ្តាញទំនាក់ទំនងសង្គម មនុស្សគ្រប់គ្នាអាចទទួលបានព័ត៌មានច្រើន តែពេលខ្លះព័ត៌មានទាំងអស់នោះក៏បានបំពុល ឬធ្វើឱ្យប៉ះពាល់ដល់ការគិតរបស់ពួកគេវិញដែរ បើសិនជាយុវជនមិនយល់ពីការប្រើប្រាស់បណ្តាញសង្គម។
ថ្លែងនៅក្នុងទិវានៃការអាន ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា ប្រព័ន្ធបច្ចេកវិទ្យាមានសារៈសំខាន់ និងជួយឱ្យយុវជនមានភាពងាយស្រួលក្នុងការសិក្សាស្រាវជ្រាវ តែយុវជនកម្ពុជាមួយចំនួននាពេលបច្ចុប្បន្ននេះប្រើប្រាស់បណ្តាញបច្ចេកវិទ្យាមិនទាន់ត្រូវគោលដៅនោះទេ ដែលវាបានផ្តល់ផលប៉ះពាល់ជាច្រើនដល់ពូកគេ។
ឯកឧត្តម ហង់ ជួនណារ៉ុន បាននិយាយថា៖ «ឥឡូវនេះបច្ចេកវិទ្យាជួយបានច្រើន ការរកសៀវភៅក៏ងាយស្រួលផងដែរតាមបណ្តាញបច្ចេកវិទ្យា តែពេលខ្លះដោយសារតែយើងប្រើវាខុសគោលដៅ យើងបែរជាចេញឆ្ងាយពីការអានទៅវិញ»។
រដ្ឋមន្ត្រីក្រសួងអប់រំ ចង់ឱ្យយុវជនយល់ដឹងឱ្យបានកាន់តែទូលំទូលាយលើការប្រើប្រាស់បណ្តាញសង្គម តាមរយៈការពន្យល់ និងអប់រំពីគ្រឹះស្ថានអប់រំ និងអាណាព្យាបាល ដើម្បីឱ្យពួកគេប្រើប្រាស់បណ្តាញបច្ចេកវិទ្យាឱ្យមានប្រយោជន៍ បើមិនដូច្នោះទេ យុវជននឹងខិតកាន់តែឆ្ងាយពីការអប់រំ ហើយធ្វើឱ្យសមត្ថភាពពួកគេថយចុះទៅវិញ។
បន្ថែមកាន់តែលម្អិតលើបញ្ហាទាំងអស់នេះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារិទ្ធ បានលើកឡើងថា បណ្តាញសង្គម គ្រាន់តែជាកន្លែងផ្តល់ដំណឹងមួយផ្នែកតែប៉ុណ្ណោះ វាមិនបានផ្តល់ចំណេះដឹង និងភាពច្បាស់លាស់ដូចជាសៀវភៅនោះទេ។
ឯកឧត្តម ខៀវ កាញារិទ្ធ បានមានប្រសាសន៍ថា៖ «បណ្តាញសង្គម Facebook ឬ YouTube មិនមែនជាផលិតផលសម្រេចនោះទេសម្រាប់ការផ្តល់ ឬទទួលយកព័ត៌មាន»។
ឯកឧត្តម បានលើកឡើងផងដែរថា យុវជនមួយចំនួនបានងាកចេញពីការអានមកមើលបណ្តាញ YouTube ដើម្បីទទួលបានចំណេះដឹង ឬពឹងផ្អែកច្រើនលើបណ្តាញ Facebook តែតាមពិតទៅបណ្តាញទាំងនេះមិនបង្ហាញអស់ពីអ្វីដែលជាគុណតម្លៃសំខាន់ៗនោះទេ។ ពេលខ្លះព័ត៌មាននៅលើបណ្តាញសង្គម គឺត្រូវបានបញ្ចូលដោយប្រភពជាច្រើនផ្សេងៗគ្នា ដែលវាអាចជាព័ត៌មានមិនត្រឹមត្រូវ តែសម្រាប់សៀវភៅគឺអាចផ្តល់ការគិតច្រើន និងពិចារណាច្រើនជាងការសិក្សាដែលគ្រាន់តែមើលតាមបណ្តាញសង្គម។ ម្យ៉ាងវិញទៀត អ្នកមើល Facebook ភាគច្រើនមិនបានមើលឱ្យអស់ពីព័ត៌មានគ្រប់ជ្រុងជ្រោយនោះទេ ពួកគាត់មើលតែព័ត៌មានទាំងឡាយណាដែលគាត់ពេញចិត្តមើលតែប៉ុណ្ណោះ ហេតុនេះវាអាចធ្វើឱ្យគាត់បាត់បង់ភាពចម្រុះនៃគំនិតដែលអាចធ្វើឱ្យគាត់គិតមិនបានទូលាយ។
លោក សុខ ឡាក់ ស្ថាបនិកបណ្ណាល័យបញ្ញវន្ត បានលើកឡើងថា បណ្តាញសង្គមសំខាន់ តែពេលខ្លះព័ត៌មានមិនពិតជាច្រើនត្រូវបានគេដាក់លើបណ្តាញសង្កម ប្រសិនបើអ្នកប្រើប្រាស់បណ្តាញសង្គមមិនប្រយ័ត្ន ឬមិនបានពិចារណាឱ្យបានដិតដល់ទេនោះ គាត់អាចនឹងទទួលផលអវិជ្ជមានសម្រាប់ខ្លួនគាត់។ ដើម្បីមានមូលដ្ឋាននៃគំនិតដើម្បីពិចារណាលើព័ត៌មានថា ពិត ឬមិនពិត ការអានសៀវភៅអាចជាជម្រើសល្អមួយ ព្រោះថា ការចងក្រងជាសៀវភៅគឺត្រូវឆ្លងកាត់ដំណាក់កាលជាច្រើន ទើបវាមានភាពសុក្រឹតខ្ពស់ជាង៕