(អូស្ត្រាលី) – ដោយសារមានរូបរាងពិសេស រថយន្តដំណើរការដោយអគ្គិសនីពីព្រះអាទិត្យរបស់ក្រុមប្រណាំងមួយរបស់បែលហ្ស៊ិក ដណ្ដើមបានជ័យជំនះក្នុងការប្រកួតរយៈចម្ងាយ 3,000 គីឡូម៉ែត្រ បើទោះអាកាសធាតុមិនអំណោយផល។
នេះជាលើកទីពីរជាប់ៗគ្នាហើយដែលក្រុមប្រណាំងឡានមកពីបែលហ្ស៊ិក ដណ្ដើមបានចំណាត់ថ្នាក់លេខមួយនៅពានរង្វាន់ Bridgestone World Solar Challenge (BWSC) ជាការប្រកួតប្រណាំងឡានមួយនៅអូស្ត្រាលី ដែលមានការចូលរួមពីរថយន្តដំណើរការដោយថាមពលព្រះអាទិត្យទំនើបៗរាប់សិបគ្រឿង រួមនឹងវិស្វករ និងនិស្សិតជាច្រើនក្រុមមកពីជុំវិញពិភពលោក។ ការប្រកួតរថយន្តនេះមានរយៈចម្ងាយ 3,000 គីឡូម៉ែត្រ ចាប់ផ្ដើមពី Darwin ទៅកាន់ Adelaide។
ការប្រកួតខាងលើនេះចាប់ផ្ដើមពីម៉ោង 8 ព្រឹក ដល់ម៉ោង 5 ល្ងាច ហើយក្រុមនីមួយៗត្រូវតែផ្គត់ផ្គង់គ្រប់យ៉ាងដោយខ្លួនឯង។
ក្នុងព្រឹត្តិការណ៍ប្រកួតក្នុងឆ្នាំ 2019 ក្រុមរបស់បែលហ្ស៊ិកបានឈ្នះ ក្រោយពីរថយន្តនាំមុខគេដែលជារបស់ប្រទេសហូឡង់បានឆេះ។ ក្នុងការប្រណាំងឆ្នាំនេះ ក្រុមរបស់បែលហ្ស៊ិកដែលមានឈ្មោះថា Innoptus រក្សាគម្លាត់ពីក្រុមហូឡង់ស្ទើរតែពេញមួយប្រកួត និងទទួលបានជោគជ័យក្នុងការប្រកួត 34 ម៉ោង 4 នាទី និង 41 វិនាទី លឿនជាងជិត 5 នាទី បើធៀបនឹងឆ្នាំ 2019។
ចំណាត់ថ្នាក់លេខពីរគឺបានទៅលើក្រុមរបស់ហូឡង់ Twente ដោយប្រើប្រាស់ពេលវេលា 34 ម៉ោង 24 នាទី និង 58 វិនាទី។