ថៃ និងវៀតណាម បានយល់ព្រមប្រឹងប្រែងជំរុញការនាំចេញ-នាំចូលទ្វេភាគី ឱ្យឆាប់បានសម្រេចគោលដៅពាណិជ្ជកម្ម 25 ពាន់លានដុល្លារអាម៉េរិក តាមរយៈការកាត់បន្ថយរនាំងពាណិជ្ជកម្ម។
ក្នុងឱកាសជួបពិភាក្សាជាមួយនឹងរដ្ឋមន្ត្រីការបរទេសវៀតណាមនៅទីក្រុងហាណូយ កាលពីម្សិលមិញ រដ្ឋមន្ត្រីការបរទេសថៃ លោក Parnpree Bahiddha-Nukara ឱ្យដឹងថា វៀតណាមគឺជាដៃគូសំខាន់ជួរមុខរបស់ប្រទេសថៃនៅក្នុងតំបន់។
អំពីសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ភាគីទាំងពីរបានយល់ព្រមប្រឹងប្រែងជំរុញការនាំចេញ-នាំចូលទ្វេភាគី ឱ្យឆាប់សម្រេចបានគោលដៅពាណិជ្ជកម្ម 25 ពាន់លានដុល្លារអាម៉េរិក តាមរយៈការកាត់បន្ថយឧបសគ្គនានា ដែលជារារាំងរារាំងពាណិជ្ជកម្ម និងបើកទូលាយបន្ថែមទៀតសម្រាប់ទំនិញរបស់ប្រទេសទាំងពីរ។
ការលើកឡើងខាងលើត្រូវបានធ្វើឡើងក្នុងដំណើរទស្សនកិច្ចពីថ្ងៃទី 25 ដល់ 26 តុលា របស់លោក Parnpree នៅប្រទេសវៀតណាម។
ក្នុងឆ្នាំ 2022 តម្លៃនៃការនាំចេញ-នាំចូលរវាងប្រទេសថៃ និងវៀតណាម សម្រេចបាន 21.6 ពាន់លានដុល្លារអាម៉េរិក។ វៀតណាមគឺជាដៃគូពាណិជ្ជកម្មធំជាងគេលំដាប់ទីពីររបស់ប្រទេសថៃ នៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងលំដាប់ទីប្រាំនៅលើពិភពលោក៕