Dragonfly ដែលជាដ្រូនគំរូដើមខ្នាតធំ ប៉ុនកូនរថយន្ត ហើយគ្រោងនឹងត្រូវបានបញ្ជូនទៅកាន់ព្រះចន្ទធំបំផុតរបស់ភពសៅរ៍ ទើបតែត្រូវបានធ្វើតេស្តក្នុងបន្ទប់ខ្យល់។
កន្លងមក ណាសាទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ហួសពីគោលដៅនៃបេសកកម្មដំបូង នៅពេលឧទ្ធម្ភាគចក្រ Ingenuity ហោះហើរបាន 63 លើកនៅលើភពអង្គារ។ ណាសាយល់ដឹងបានច្រើនពីឧទ្ធម្ភាគចក្រដំបូងនេះ និងត្រៀមអនុវត្តចំពោះយានធំជាងនេះនៅលើទីតាន (Titan) ដែលជាព្រះចន្ទធំជាងគេរបស់ភពសៅរ៍។ នេះបើតាម Interesting Engineering ចុះផ្សាយកាលពីថ្ងៃទី 24 តុលា 2023។
ដ្រូន Dragonfly ប្រើប្រាស់ស្លាបកង្ហារចំនួន 8 និងមានទំហំប៉ុនកូនឡាន។ ក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Johns Hopkins រដ្ឋ Maryland សហរដ្ឋអាម៉េរិក បានធ្វើតេស្តទៅលើដ្រូនគំរូដើមដែលមានទំហំស្មើនឹងពាក់កណ្ដាលទំហំផ្លូវការ និងបានចែករំលែកលើអ៊ីនធើណិត។
Dragonfly នឹងជាបេសកកម្មដំបូងរបស់ណាសា ដែលឆ្ពោះទៅកាន់ផ្ទៃរបស់ «ពិភពមហាសមុទ្រ» មួយផ្សេងទៀត ក្រៅពីផែនដី។ ដូចទៅនឹងផែនដី ព្រះចន្ទទីតានមានប្រព័ន្ធអាកាសធាតុ ទន្លេ និងសមុទ្រនៅលើផ្ទៃ ប៉ុន្តែខុសត្រង់ថា ធាតុរាវដែលហូរនៅលើទីតានមានផ្ទុកមេតានរាវ មិនមែនទឹកឡើយ។ ទោះយ៉ាងនេះក៏ដោយ ក្រុមអ្នកវិទ្យាសាស្ត្រនៅតែជឿថា ព្រះចន្ទមួយនេះអាចមានលាក់ភាវៈរស់។
ដ្រូនថ្មីនេះនឹងស្រាវជ្រាវផ្ទៃខាងលើរបស់ព្រះចន្ទទីតាន ជាទីដែលមនុស្សទើបបានដឹងតិចតួចបំផុតនៅឡើយ។
តាមគម្រោង Dragonfly នឹងត្រូវបានបាញ់បង្ហោះទៅកាន់ទីអវកាសនៅឆ្នាំ 2027។ បើសិនអ្វីៗដំណើរការរលូន វានឹងទៅដល់ព្រះចន្ទទីតាននៅឆ្នាំ 2034។