ក្រុមហ៊ុន Toyota បានបង្ហើបឱ្យដឹងអំពី concept Lexus ដែលអាចបរបានរហូតដល់ 1,000 គីឡូម៉ែត្រ នាថ្ងៃនេះ ក្នុងបំណងវាយលុកទីផ្សារចាប់ពីឆ្នាំ 2026 ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់ក្រុមហ៊ុននេះ ក្នុងការងាកទៅរករថយន្តអគ្គិសនីដែលប្រើប្រាស់បច្ចេកវិទ្យាថ្មផ្ទុកថាមពលទំនើប។
គំរូរថយន្ត Lexus LF-ZC ដែលបង្ហាញខ្លួនជាលើកដំបូងនៅក្នុងពិព័រណ៍ចល័តជប៉ុន ប្រើប្រាស់ថ្មផ្ទុកថាមពលរាងប្រអប់ មានថាមពលខ្ពស់ ជួយឱ្យធ្វើដំណើរបានចម្ងាយប្រហែល 1,000 គីឡូម៉ែត្រ ឆ្ងាយជាងទ្វេដងបើធៀបនឹងរថយន្តអគ្គិសនីធម្មតា។
Lexus LF-ZC មានកន្លែងអង្គុយទាប កន្លែងបើកបរធំទូលាយ និងប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ទំនើប ដែល Toyota ហៅថា Butler។
ក្រុមហ៊ុន Toyota បានសន្យាថា នឹងលក់រថយន្តអគ្គិសនីឱ្យបាន 100% នៅទូទាំងសកលលោក សម្រាប់យីហោ Lexus ចាប់ពីឆ្នាំ 2035៕