(សហរដ្ឋអាម៉េរិក) – ប្រព័ន្ធ Hyperloop Express Freight អាចដឹកទំនិញដោយស្វ័យប្រវត្តក្នុងល្បឿន 1,223 គីឡូម៉ែត្រក្នុងមួយម៉ោង និងលើកដាក់ទំនិញក្នុងពេលតែមួយ។
ក្រុមហ៊ុន Hyperloop Transportation Technologies (HyperloopTT) កំពុងឆ្ពោះទៅរកការអភិវឌ្ឍប្រព័ន្ធទូរថភ្លើងល្បឿនលឿនដែលស្ទើរតែមិនមានកម្លាំងកកិត អាចជាបដិវត្តន៍ក្នុងវិស័យដឹកជញ្ជូន។ ប្រព័ន្ធថ្មីបំផុតដែលមានឈ្មោះថា Express Freight ប្រើប្រាស់បំពង់ផ្លូវទទេ ទូរថភ្លើងអណ្ដែត និងទ្វារអគ្គិសនីជាដើមដោយស្វ័យប្រវត្តទាំងស្រុង ដើម្បីលើកដាក់ទំនិញដំណាលគ្នានៅពេលចេញដំណើរ។ HyperloopTT ឱ្យដឹងថា ប្រព័ន្ធនេះនឹងអាចដឹកជញ្ជូនបានលឿន សន្សំសំចៃប្រាក់ និងមានស្ថិរភាពជាងបើធៀបនឹងការដឹកទំនិញតាមយន្តហោះ ឬរថយន្តដឹកទំនិញ។
ប្រព័ន្ធនេះត្រូវបាន HyperloopTT សហការអភិវឌ្ឍជាមួយនឹងក្រុមហ៊ុន Tangerine របស់ប្រទេសអង់គ្លេស។
ផែនការរបស់ HyperloopTT គឺការបំពាក់ប្រព័ន្ធ Express Freight ខាងក្នុងហេដ្ឋារចនាសម្ព័ន្ធដឹកអ្នកដំណើរ។ ប្រព័ន្ធដឹកអ្នកដំណើរគឺជាទូដែលមានរូបរាងដូចដងខ្លួនយន្តហោះ ធ្វើដំណើរក្នុងល្បឿន 1,223 គីឡូម៉ែត្រ/ម៉ោង តាមរយៈប្រព័ន្ធម៉ាញេទិចដំណើរការនៅក្នុងប្រព័ន្ធបំពង់សម្ពាធទាប។