បណ្ដាក្រុមហ៊ុនផលិតរថយន្តរបស់ជប៉ុនកន្លងមកនេះត្រូវបានមើលឃើញថា មានភាពយឺតយ៉ាវក្នុងការងាកទៅរកយានជំនិះអគ្គិសនី ប៉ុន្តែ Nissan Sakura ដែលត្រូវបានសហការអភិវឌ្ឍជាមួយ Mitsubishi Motors Corp និងប្រើប្រាស់រូបរាងរបស់រថយន្តសាំង eK X គឺជាម៉ូដែលរថយន្តអគ្គិសនីដែលលក់ដាច់ជាងគេបង្អស់នៅប្រទេសជប៉ុនក្នុងឆ្នាំនេះ។
ទិន្នន័យរបស់ក្រុមអ្នកផលិតរថយន្តបង្ហាញថា Nissan Sakura ដែលធ្លាប់បានទទួលពានរង្វាន់រថយន្តប្រចាំឆ្នាំរបស់ជប៉ុនកាលពីឆ្នាំ 2022 រួមចំណែកជិតពាក់កណ្ដាល ដែលស្មើនឹង 35,009 គ្រឿង ក្នុងចំណោមរថយន្តអគ្គិសនីដែលត្រូវបានលក់ចេញនៅក្នុងប្រទេសនេះ រាប់ចាប់ពីដើមឆ្នាំ 2023 ដល់បច្ចុប្បន្ន។
Sakura និង eK X កំពុងនាំមុខគេនៅប្រទេសជប៉ុន ជាទីផ្សារដែលរថយន្តអគ្គិសនីរួមចំណែកត្រឹមតែ 1.5% ប៉ុណ្ណោះ ធៀបនឹងចំនួនរថយន្តថ្មីដែលត្រូវបានលក់នៅប្រទេសនេះកាលពីឆ្នាំកន្លង។
Sakura និង eK X អាចរត់ក្នុងល្បឿនប្រហែល 130 គីឡូម៉ែត្រក្នុងមួយម៉ោង ប៉ុន្តែមិនត្រូវបានដាក់លក់នៅទូទាំងពិភពលោក ដោយសារតែកត្តាជាច្រើន មានជាអាទិ៍ មិនអាចឆ្លើយតបទៅនឹងស្ដង់ដានៃការប៉ះទង្គិចនៅប្រទេសមួយចំនួនជាដើម។