គម្រោងស្រាវជ្រាវ EU Tax Observatory បានរកឃើញថា ប្រទេសនានានឹងមានប្រាក់ចំណូលបន្ថែមរាប់រយពាន់លានដុល្លារជារៀងរាល់ឆ្នាំ បើសិនយកពន្ធអប្បបរមា 2% នៅទូទាំងសកលលោកចំពោះក្រុមមហាសេដ្ឋី។
នៅក្នុងលទ្ធផលនៃការសិក្សាស្រាវជ្រាវដែលបានចុះផ្សាយនាថ្ងៃទី 23 តុលា 2023 EU Tax Observatory យល់ថា ដោយគ្រាន់តែយកពន្ធ 2% ចំពោះទ្រព្យសម្បត្តិជិត 13 ទ្រីលាន (13,000,000,000,000) ដុល្លារអាម៉េរិក របស់មហាសេដ្ឋី 2,700 នាក់នៅទូទាំងផែនដី ពិភពលោកនឹងមានប្រាក់ចំណូលបន្ថែម 250 ពាន់លានដុល្លារជារៀងរាល់ឆ្នាំ។ បច្ចុប្បន្ន ជាក់ស្ដែង អត្រាពន្ធលើប្រាក់ចំណូលបុគ្គលរបស់ក្រុមមហាសេដ្ឋី គឺទាបជាងឆ្ងាយ បើធៀបនឹងក្រុមដទៃ ដោយសារតែពួកគេអាចទុកដាក់ទ្រព្យទៅក្នុងបណ្ដាក្រុមហ៊ុនដែលមានតែឈ្មោះ ដើម្បីគេចពន្ធ។
ស្ថាប័នខាងលើបានរកឃើញថា ប្រាក់ចំណូលពីការបង់ពន្ធធៀបនឹងប្រាក់ចំណូលរបស់មហាសេដ្ឋីអាម៉េរិក គឺប្រហែលតែ 0.5% ប៉ុណ្ណោះ។ នៅបណ្ដាប្រទេសដូចបារាំងជាដើម អត្រានេះគឺប្រហែល 0%។
EU Tax Observatory ឱ្យដឹងថា ការប្រឹងប្រែងដើម្បីយកពន្ធលើទ្រព្យរបស់ក្រុមអ្នកមានជាងគេនៅទូទាំងសកលលោកនឹងត្រូវចំណាយពេលច្រើនឆ្នាំទៀត។ ក៏ប៉ុន្តែ ពួកគេនៅតែមានក្ដីសង្ឃឹម បើទោះមានការលំបាកក្នុងការកំណត់តម្លៃមូលធនរបស់ក្រុមហ៊ុនឯកជន៕