ក្រុមហ៊ុនផលិតរថយន្តចិន Changan Automobile បានចុះកិច្ចព្រមព្រៀងជាមួយអាជ្ញាធរថៃ ដើម្បីជំរុញផែនការសាងសង់រោងចក្រមួយនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។
Changan សម្រេចបានកិច្ចព្រមព្រៀងជាមួយគណៈកម្មការវិនិយោគថៃ (BOI) នៅក្នុងវេទិកាសហប្រតិបត្តិការអន្តរជាតិខ្សែក្រវាត់ និងផ្លូវលើកទីបី នៅទីក្រុងប៉េកាំង កាលពីថ្ងៃទី 17 តុលា 2023។ នេះបើតាមប្រកាសមួយកាលពីថ្ងៃទី 19 តុលា របស់ Changan។
ក្រុមហ៊ុនចិនខាងលើមានផែនការវិនិយោគ 240 លានដុល្លារអាម៉េរិកនៅប្រទេសថៃ ដើម្បីសាងសង់រោងចក្រផលិតរថយន្តអគ្គិសនីមួយដែលអាចផលិតបាន 100,000 គ្រឿងក្នុងដំណាក់កាលដំបូង។
អគ្គលេខាធិការរបស់ BOI ថៃ Narit Therdsteerasukdi ក៏បានប្រគល់វិញ្ញាបនបត្រចុះបញ្ជីវិនិយោគសម្រាប់គម្រោងទីតាំងផលិតរថយន្តនៅប្រទេសថៃ ជូនដល់ប្រធានក្រុមហ៊ុន Changan លោក Zhu Huarong។
Changan បានបង្កើតក្រុមហ៊ុនតំណាងរបស់ខ្លួននៅប្រទេសថៃកាលពីថ្ងៃទី 23 សីហា 2023។ ថ្ងៃទី 24 សីហា ក្រុមហ៊ុននេះក៏បានប្រកាសគម្រោងវិនិយោគ 8.8 ពាន់លានបាត ដើម្បីសាងសង់រោងចក្រផលិតរថយន្តអគ្គិសនីនៅប្រទេសនេះ។
កាលពីខែសីហា Changan ឱ្យដឹងថា ដំណាក់កាលដំបូងរបស់រោងចក្រនេះនឹងអាចផលិតរថយន្តបាន 100,000 គ្រឿងជារៀងរាល់ឆ្នាំ ចំណែកដំណាក់កាលទីពីរនឹងអាចផលិតបាន 200,000 គ្រឿង/ឆ្នាំ។
រថយន្តអគ្គិសនីរបស់ Changan នៅប្រទេសថៃ នឹងត្រូវបានលក់ក្នុងស្រុក និងនាំចេញទៅកាន់ទីផ្សារអូស្ត្រាលី នូវែលសេឡង់ អង់គ្លេស និងអាហ្វ្រិកខាងត្បូង។
ថៃគឺជាប្រទេសផលិត និងនាំចេញរថយន្តធំជាងគេបង្អស់នៅអាស៊ីអាគ្នេយ៍ និងជាទីផ្សាររថយន្តអគ្គិសនីលំដាប់កំពូលមួយផងដែរ។ អាជ្ញាធរថៃកំពុងតែប្រឹងប្រែងដើម្បីជំរុញឱ្យប្រទេសនេះក្លាយជាមជ្ឈមណ្ឌលផលិតរថយន្តអគ្គិសនីរបស់តំបន់អាស៊ាន ដោយបានដាក់ចេញនូវគោលនយោបាយទាក់ទាញជាច្រើន មានជាអាទិ៍ ការបន្ថយអត្រាពន្ធ ការផ្ដល់ជំនួយដល់អ្នកប្រើប្រាស់ និងជំនួយគាំទ្រដល់ការវិនិយោគជាដើម៕