ក្លិប Tianjin Quanjian បានច្រានចោលថា Diego Costa របស់ក្លិប Chelsea បានយល់ព្រមលើកិច្ចសន្យាមួយក្នុងការផ្ទេរទៅកាន់ក្របខ័ណ្ឌចិន Super League ក្រោយពីបណ្តាញសារព័ត៌មាននៅអេស្ប៉ាញ បានចេញផ្សាយថា ខ្សែប្រយុទ្ធដើមកំណើតប្រេស៊ីលរូបនេះ នឹងផ្ទេរទៅចិនក្នុងតម្លៃខ្លួន៧៧លានផោន (ស្មើនឹង៩៩,៧លានដុល្លារអាមេរិក) ក្នុងពេលបិទរដូវកាល។
ក្លិប Tianjin ដែលដឹកនាំដោយអតីតកីឡាករឈ្នះពាន World Cup ជាមួយនឹងអ៊ីតាលីគឺលោក Fabio Cannavaro និងជាម្ចាស់ជើងឯកក្របខ័ណ្ឌលំដាប់ទី២របស់ចិនកាលពីរដូវកាលមុននោះ បានច្រានចោលថា ពួកគេបានធ្វើការចរចាជាមួយនឹងខ្សែប្រយុទ្ធដែលលេងក្នុងក្របខ័ណ្ឌ Premier League រូបនេះ។ ក្លិប Tianjin បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយតាមរយៈគេណនីសង្គម Weibo ថា៖ «ទាក់ទងនឹងពាក្យចរចាមអារ៉ាមផ្សេងៗទៅលើការផ្ទេរខ្សែប្រយុទ្ធ Diego Costa របស់ Chelsea ទៅកាន់ក្លិប Tianjin យើងសូមប្រកាសថា មកទល់ពេលនេះ យើងមិនបានទាក់ទងជាមួយនឹង Costa អំពីការផ្ទេរមួយឡើយ»។
កាសែតអេស្ប៉ាញ Cadena Ser បានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ថា Costa បានជួបជាមួយនឹងមន្ត្រីរបស់ក្លិប Tianjin រួមជាមួយនឹងភ្នាក់ងាររបស់គេគឺលោក Jorge Mendes ហើយការព្រមព្រៀងគ្នាមួយត្រូវបានឈានដល់។ កាសែតនេះបានចេញផ្សាយថា Costa នឹងចូលរួមជាមួយនឹង Tianjin ពីក្លិប Chelsea សម្រាប់តម្លៃខ្លួន៩០លានអឺរ៉ូ (ស្មើនឹង៧៦,៤៣លានផោន) ខណៈដែលខ្សែប្រយុទ្ធរូបនេះ នឹងទទួលបានចំណូលដល់ទៅ៣០លានអឺរ៉ូ (ស្មើនឹង៣៣លានដុល្លារអាមេរិក) ក្នុងមួយឆ្នាំ៕
ប្រភពពី៖ The Independent