យោងតាមស្ថិតិថ្មីបំផុត សន្ទស្សន៍អតិផរណារបស់ប្រទេសជប៉ុន បានថយចុះក្រោមកម្រិត 3% ជាលើកដំបូង រាប់ចាប់ពីខែសីហា ឆ្នាំ 2022។
វិធានការជំនួយផ្នែកអគ្គិសនី និងឧស្ម័នត្រូវបានគេជឿថាជាមូលហេតុចម្បងដែលជួយឱ្យអតិផរណានៅប្រទេសជប៉ុនថយចុះ។ ក៏ប៉ុន្តែ អ្នកប្រើប្រាស់នៅតែរងសម្ពាធធ្ងន់ គ្រាដែលសន្ទស្សន៍អតិផរណាត្រូវបានព្យាករថា អាចនឹងកើនឡើងជាថ្មីក្នុងប៉ុន្មានខែខាងមុខ។
ស្ថិតិរបស់ក្រសួងមហាផ្ទៃ និងទូរគមនាគមន៍ជប៉ុន បានបង្ហាញថា ក្នុងខែកញ្ញាកន្លងទៅ សន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ (Customer Price Index – CPI) មិនរាប់បញ្ចូលទាំងអាហារស្រស់របស់ប្រទេសនេះ បានកើន 2.8% ធៀបនឹងដំណាក់កាលដូចគ្នាក្នុងឆ្នាំ 2022។ នេះគឺជាលើកដំបូងក្នុងរង្វង់ 13 ខែ ដែលសន្ទស្សន៍ CPI បានថយចុះមកក្រោម 3%។
សន្ទស្សន៍សម្រាប់វាស់ស្ទង់អតិផរណារបស់ប្រទេសជប៉ុនដែលបានថយចុះនេះ ភាគច្រើនគឺដោយសារការចំណាយសម្រាប់ថ្លៃអគ្គិសនី និងឧស្ម័នរបស់អ្នកប្រើប្រាស់ថយចុះ នៅពេលមានជំនួយពីរដ្ឋាភិបាល។ បើពុំមានជំនួយនេះទេ សន្ទស្សន៍នេះនៅក្នុងខែកញ្ញារបស់ជប៉ុន នឹងឡើងដល់ 3.8%។
ថ្វីបើសន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់របស់ជប៉ុននៅខ្ពស់ជាងឆ្ងាយ បើធៀបនឹងគោលដៅដែលបានកំណត់ ប៉ុន្តែ យោងតាមការវាយតម្លៃរបស់ក្រុមអ្នកជំនាញ ដោយមានការប្រឹងប្រែងស្ដារបរិស្ថានពាណិជ្ជកម្ម និងជំរុញការដំឡើងប្រាក់បៀវត្សរ៍របស់រដ្ឋាភិបាល សេដ្ឋកិច្ចរបស់ជប៉ុននឹងបន្តងើបឡើង ទាំងក្នុងវិស័យផលិត និងវិស័យមិនមែនផលិត៕