យីហោរថយន្តអគ្គិសនី Neta Auto របស់ក្រុមហ៊ុនចិន Hozon Auto បានបង្ហាញរថយន្តម៉ូដែលថ្មី ឈ្មោះ Neta X ដែលមានតម្លៃទាប និងប្រើប្រាស់ឈីបសម្រាប់កាប៊ីនបើកបរលំដាប់ខ្ពស់។
Neta បានបង្ហាញ Neta X ដែលជាកំណែថ្មីរបស់ Neta U-II ដែលបានបង្ហាញខ្លួនមុននោះ នៅក្នុងព្រឹត្តិការណ៍មួយនាថ្ងៃនេះ។ នេះគឺដូចទៅនឹងការបង្ហាញខ្លួនរបស់ Neta Aya ដែលជាកំណែបន្ទាប់របស់ Neta V កាលពីខែសីហា។
រថយន្តអគ្គិសនី Neta X មានបួនកំណែ ដែលមានតម្លៃចាប់ពី 17,340 ដុល្លារអាម៉េរិក។ អតិថិជនដែលកក់ 273 ដុល្លារដើម្បីទិញ Neta X មុនថ្ងៃទី 30 វិច្ឆិកា 2023 នឹងទទួលបានការបញ្ចុះតម្លៃ 2,460 ដុល្លារអាម៉េរិក។
Neta X មានបណ្ដោយ 4,619 មិល្លីម៉ែត្រ, ទទឹង 1,860 មិល្លីម៉ែត្រ និងកម្ពស់ 1,628 មិល្លីម៉ែត្រ ខណៈបណ្ដោយមូលដ្ឋានមានប្រវែង 2,770 មិល្លីម៉ែត្រ។
រថយន្តនេះបំពាក់ម៉ូទ័រសមកាលកម្មមេដែកអចិន្រ្តៃយ៍ (Permanent Magnet Synchronous Motor – PMSM) ដែលមានកម្លាំង 120 សេះ និងល្បឿន 150 គីឡូម៉ែត្រ/ម៉ោង។ រយៈចម្ងាយផ្លូវដែល Neta X អាចធ្វើដំណើរដល់គឺ 401 និង 501 គីឡូម៉ែត្រ។
Neta X ប្រើប្រាស់ឈីបសម្រាប់កាប៊ីនបើកបរ Qualcomm Snapdragon 8155 ក៏ដូចជាឈីបសម្រាប់ការបើកបរឆ្លាតវៃ Journey 3 របស់ក្រុមហ៊ុនចិន Horizon Robotics។
ក្រុមហ៊ុន Neta បានប្រគល់រថយន្តដល់ដៃអតិថិជនចំនួន 13,211 គ្រឿងក្នុងខែកញ្ញា 2023 កើន 9.15% ធៀបនឹងខែសីហា ប៉ុន្តែថយចុះ 26.63% ធៀបនឹងដំណាក់កាលដូចគ្នាក្នុងឆ្នាំ 2022៕