ចាប់តាំងពីបានបោះជំហានឈានជើងចូលមកប្រឡូកនៅក្នុងវិស័យសិល្បៈតាមរយៈការចូលហ្វឹកហាត់ខាងផ្នែករបាំបុរាណ ជាពិសេស បន្ទាប់ពីចាប់ទទួលការថតម៉ូដសម្លៀកបំពាក់បែបប្រពៃណីខ្មែរតែម្ដង កញ្ញា សុគា គីមលាង ហៅស្រីស្រស់Kon Ant ត្រូវបានគេកត់សម្គាល់ឃើញថា បាននិងកំពុងទទួលបានប្រជាប្រិយភាពខ្ពស់គួរសម ដែលក្នុងនោះភាគច្រើន គេតែងឃើញរូបភាពដ៏ស្រស់ស្អាតរបស់កញ្ញាផុសចេញនៅតាមបណ្តាផ្ទាំងផ្សព្វផ្សាយសម្អាងការផ្សេងៗ ក៏ដូចជាក្នុងសៀវភៅម៉ូដសម្លៀកបំពាក់ជាដើម។ បន្ថែមពីនេះ
អ្វីដែលកាន់តែជាមោទនភាពចំពោះតារាស្រីវ័យក្មេងមុខកូនកាត់រូបនេះ គឺកញ្ញាថែមទាំងទទួលបានការពេញចិត្ត និងផ្តល់ជាកិត្តិយសក្នុងនាមជាអ្នកតំណាងផលិតផលដ៏ល្បីឈ្មោះមកពីប្រទេសអីុតាលី ប្រចាំនៅកម្ពុជាថែមទៀតផង។
ថ្វីដ្បិតតែកញ្ញា សុគា គីមលាង ទើបតែបានបង្ហាញវត្តមានជាសាធារណៈត្រឹមមួយរយៈពេលខ្លីក្នុងនាមជាតារាស្រីផ្សព្វផ្សាយពាណិជ្ជកម្មផ្នែកសម្អាងការក៏ពិតមែន ប៉ុន្តែបើក្រឡេកមើលពីកិត្តិស័ព្ទរបស់កញ្ញាវិញគឺមានភាពល្បីខ្ចរខ្ចាយសាយភាយមិនចាញ់តារាជំនាន់មុនៗនោះឡើយ។ ផ្ទុយទៅវិញថែមទាំងមានឱកាសបានចាកចេញទៅសម្ដែងរបាំបែបបុរាណខ្មែរនៅក្រៅប្រទេសក្នុងនាមជាអ្នកតំណាង និងបង្ហាញពីវប្បធម៌ អរិយធម៌ និងប្រពៃណីទំនៀមទម្លាប់ខ្មែរ តាមរយៈក្រសួងទេសចរណ៍ និងក្រសួងពាណិជ្ជកម្មជាញឹកញាប់ ដែលក្នុងនោះរួមមានដូចជា ប្រទេសចិន វៀតណាម ថៃ និងប្រទេសជប៉ុនជាដើម។ បន្ថែមពីនេះ កាលពីពេលកន្លងទៅ កញ្ញា គីមលាង ថែមទាំងមានឱកាសទទួលបានកិត្តិយសក្នុងនាមជាអ្នកតំណាងផលិតផលដ៏ល្បីឈ្មោះមកពីប្រទេសអីុតាលី ប្រចាំនៅកម្ពុជាថែមទៀតផង។
សម្រាប់ស្រីស្រស់ Kon Ant ដែលមានអាយុត្រឹម20ឆ្នាំ និងទើបតែបានបញ្ចប់ការសិក្សាលើមុខជំនាញផ្នែករបាំបុរាណក្នុងនាមជានាដកានៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈកាលពីពេលកន្លងទៅថ្មីៗនេះ បានបង្ហាញពីអារម្មណ៍រីករាយ និងរំភើបជាមួយនឹងសមិទ្ធផលផ្នែកសិល្បៈដែលខ្លួនកំពុងទទួលបាននាពេលនេះថា “ខ្ញុំពិតជាមានអារម្មណ៍ថារីករាយមែនទែន ព្រោះការងារទាំងនេះ សុទ្ធតែជាចំណូលចិត្តរបស់ខ្ញុំតាំងពីតូចមកម៉្លេះ ជាពិសេសគឺការងារជាអ្នករាំរបាំបុរាណ។ ប៉ុន្តែអ្វីដែលកាន់តែធ្វើឱ្យខ្ញុំមានមោទនភាពបំផុតនោះគឺ ថែមទាំងទទួលបានងារជាអ្នកតំណាងផលិតផលដ៏ល្បីឈ្មោះគឺកាបូបម៉ាក Cromia នាំចូលមកពីប្រទេសអីុតាលី និងធ្វើការចែកចាយផ្ដាច់មុខនៅកម្ពុជាដោយក្រុមហ៊ុន Unique Fashion Cambodia ដែលមានទីតាំងស្ថិតនៅផ្លូវត្រសក់ផ្អែម សង្កាត់បឹងកេងកង1ខណ្ឌចំការមន រាជធានីភ្នំពេញ”។
គួរបញ្ជាក់ផងដែរថា កញ្ញា គីមលាង ដែលបានក្លាយជាតារាមួយដួងស្ថិតនៅក្នុងចំណាប់អារម្មណ៍របស់មហាជនម្នាក់នេះ មានស្រុកកំណើតនៅក្នុងរាជធានីភ្នំពេញ ដោយមានឪពុកម្តាយគឺជាអ្នកប្រកបអាជីវកម្ម និងមានបងប្អូនចំនួន5នាក់ ក្នុងនោះប្រុស2នាក់ ស្រី3នាក់ ហើយកញ្ញាគឺជាកូនស្រីច្បងនៅក្នុងគ្រួសារ៕