Stella Terra ដែលជារថយន្ត off-road ដំណើរការដោយថាមពលព្រះអាទិត្យដំបូងគេលើពិភពលោក បានបញ្ចប់ដំណើរសាកល្បងបរឆ្លងកាត់ប្រទេសម៉ារ៉ុក និងសមុទ្រខ្សាច់សាហារ៉ា កាលពីដើមខែតុលា 2023។
យោងតាមការចុះផ្សាយកាលពីថ្ងៃទី 17 តុលា របស់ Guardian រថយន្តអគ្គិសនី Stella Terra ដែលមានកៅអីពីរ ត្រូវបានអភិវឌ្ឍដោយក្រុមនិស្សិតនៅសាកលវិទ្យាល័យបច្ចេកវិទ្យា Eindhoven។ ដើម្បីទទួលបានជោគជ័យក្នុងការធ្វើតេស្តនេះ រថយន្ត Stella Terra បានឆ្លងកាត់ផ្លូវលំបាកជាច្រើននៅក្នុងភូមិសាស្ត្រខុសៗគ្នា ដោយប្រើប្រាស់ថាមពលអគ្គិសនីបានពីផ្ទាំងសូឡាដែលបំពាក់លើដំបូល។
Stella Terra ដែលមានទម្ងន់សរុបត្រឹមតែ 1,200 គីឡូក្រាម បំពាក់ថ្មផ្ទុកអគ្គិសនីប្រភេទលីចូម-អ៊ីយ៉ុង (lithium-ion) អាចបើកបរបានចម្ងាយ 710 គីឡូម៉ែត្រ និងមានល្បឿន 145 គីឡូម៉ែត្រ/ម៉ោង។ ថាមពលពីប្រព័ន្ធផ្ទាំងសូឡាលើរថយន្តនេះអាចផ្គត់ផ្គង់អគ្គិសនីគ្រប់គ្រាន់សម្រាប់ការចម្អិនអាហារ និងបញ្ចូលថាមពលដល់ឧបករណ៍នានា មានដូចជា ទូរស័ព្ទ និងម៉ាស៊ីនថតរូបជាដើម។ Stella Terra ដំណើរការមានប្រសិទ្ធភាពជាងប្រហែល 30% បើធៀបនឹងការរំពឹងទុកដំបូង៕