ទិន្នន័យរបស់អគ្គនាយកដ្ឋានស្ថិតិចិន បង្ហាញថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសនេះ ក្នុងត្រីមាសទីបីនៃឆ្នាំ 2023 កើន 4.9% ធៀបនឹងដំណាក់កាលដូចគ្នានៃឆ្នាំ 2022។
យោងតាមទិន្នន័យផ្លូវការដែលត្រូវបានអគ្គនាយកដ្ឋានស្ថិតិចិន (NBS) ប្រកាសនាថ្ងៃទី 18 តុលា 2023 សេដ្ឋកិច្ចប្រទេសចិនក្នុងត្រីមាសទីបីរបស់ឆ្នាំនេះ កើនលឿនជាងការព្យាករ ដែលនេះទំនងជាអាចជួយឱ្យរដ្ឋាភិបាលចិនសម្រេចបានគោលដៅសេដ្ឋកិច្ចពេញមួយឆ្នាំដែលបានដាក់ចេញ។
ទិន្នន័យរបស់ NBS បង្ហាញថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសនេះ ក្នុងត្រីមាសទីបីនៃឆ្នាំ 2023 កើន 4.9% ធៀបនឹងដំណាក់កាលដូចគ្នានៃឆ្នាំ 2022 និងខ្ពស់ជាងការវាយតម្លៃ (4.4%) របស់ក្រុមអ្នកជំនាញ នៅក្នុងការស្ទង់មតិរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នាពេលកន្លង។
GDP ក្នុងត្រីមាសទីបី កើន 1.3% ខ្ពស់ជាងឆ្ងាយបើធៀបនឹងកំណើន 0.5% ក្នុងត្រីមាសទីពីរ ហើយខ្ពស់ជាងការព្យាករ (1%) ផងដែរ។
កំណើន GDP របស់ប្រទេសចិនត្រូវបានព្យាករថា នឹងសម្រេចបាន 4.9% ក្នុងត្រីមាសទីបួន។ រដ្ឋាភិបាលចិនបានកំណត់គោលដៅប្រហែល 5% សម្រាប់កំណើនសេដ្ឋកិច្ចពេញមួយឆ្នាំ 2023។
បើទោះទិន្នន័យខាងលើបង្ហាញថា សេដ្ឋកិច្ចចិនចាប់ផ្ដើមមានស្ថិរភាពជាងមុន ក្រោយពីមានចំណាត់ការជាច្រើន ប៉ុន្តែក្រុមអ្នកជំនាញជឿថា រដ្ឋាភិបាលប្រទេសនេះគួរតែធ្វើកិច្ចការច្រើនបន្ថែមទៀត ដើម្បីជំរុញកំណើនសេដ្ឋកិច្ច។
សេដ្ឋកិច្ចចិនមានកំណើន 3% ក្នុងឆ្នាំ 2022 ទាបជាងបើធៀបនឹងការកំណត់គោលដៅរបស់រដ្ឋាភិបាល ដោយសារតែការរឹតបន្តឹងនានាដើម្បីទប់ស្កាត់កូវីដ-19។