International Teenagers Mathematics Olympiad (ITMO) ជាកម្មវិធីប្រកួតគណិតវិទ្យាអូឡាំព្យ៉ាដ ដែលប្រារព្ធធ្វើឡើងនៅទីក្រុង Davao នៃប្រទេសហ្វីលីពីនក្នុងឆ្នាំ 2017 នេះ ដែលក្នុងនោះមានសមាសភាពមកពី 16ប្រទេសចូលរួមប្រកួត។
ក្នុងកម្មវិធី ITMO 2017 នេះក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជូនគ្រូដឹកនាំ និងសិស្សានុសិស្សបឋមសិក្សាចំនួន 16នាក់ ក្នុងនោះមានស្រីចំនួន 7នាក់ ដើម្បីចូលរួមប្រកួត ដោយក្នុងនោះកម្ពុជាទទួលបានលទ្ធផល គឺក្រុមទីមួយ (Team A) ដែលមានសមាជិក 4នាក់ ហើយមានសិស្សស្រីម្នាក់បានទទួលមេដាយសំរិទ្ធ។ បើគិតជាក្រុមកម្ពុជា គឺទទួលបានចំណាត់ថ្នាក់លេខ7 លើក្រុមចំនួន 21 ហើយបើគិតជាលក្ខខណ្ឌប្រទេសវិញ គឺកម្ពុជាទទួលបានលេខ 5 ក្នុងចំណោមប្រទេសចំនួន11។ ចំណែកឯសិស្សកម្ពុជាដែលមិនទទួលបានមេដាយ គឺសុទ្ធតែទទួលបាន Merri Certificate ហើយក្នុងនោះដែរ កម្ពុជាទទួលបានពានរង្វាន់ដែលសម្តែងបានល្អបំផុតក្នុងពិធីជប់លៀងពេលរាត្រីផងដែរ។
នៅក្នុងឱកាសបើកកម្មវិធីប្រកួតនោះស្ថាប័ន Mathematic Trainers Guild Philippines (MTG) ក៏បានស្វាគមន៍ដល់អ្នកចូលរួមចំនួន 500នាក់ និងគ្រូបង្វឹកមកពីបណ្ដាប្រទេសមួយចំនួនដូចជា ប្រទេសប៊ុលការី កម្ពុជា ចិន ឥណ្ឌា ឥណ្ឌូនេស៊ី អ៊ីរ៉ង់ ម៉ុងហ្គោលី នេប៉ាល អាហ្វ្រិកខាងត្បូង រុស្ស៊ី ស្រីលង្កា កោះតៃវ៉ាន់ ថៃ វៀតណាម និងហ្វីលីពីន។
លោកស្រីបណ្ឌិត Usec. Nazareth Manzano បានលើកឡើងនៅក្នុងកម្មវិធីបិទការប្រកួតនេះថា នៅយុគសម័យចុងក្រោយនេះ គណិតវិទ្យា និងបច្ចេកវិទ្យាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់សេដ្ឋកិច្ច។ ដោយមើលតាមចរន្តនេះ យើងបានបណ្តុះបណ្តាលឱ្យកុមារតូចៗចាប់ផ្តើមមានវប្បធម៌វិទ្យាសាស្ត្រ និងគណិតវិទ្យានៅក្នុងខ្លួន។
លោកស្រីបណ្ឌិត បានលើកឡើងផងដែរថា សង្គមដែលមានវិទ្យាសាស្ត្ររឹងមាំ និងមានវប្បធម៌គណិតវិទ្យាខ្លាំងអាចជំរុញឱ្យមនុស្សមានគំនិតប្រាកដនិយម និងមានការសម្រេចចិត្តត្រឹមត្រូវលើគ្រប់រឿងដែលមានការវិភាគផ្តោតលើភាពពិតជាក់ស្តែង៕