ទួរប៊ីនដំបូងក្នុងចំណោម 277 គ្រឿងនៅក្នុងចំការ Dogger Bank ដែលត្រូវបានដាក់ឱ្យដំណើរការកាលពីពេលថ្មីៗនេះ គឺជាជំហានសំខាន់ឆ្ពោះទៅកាន់ការផលិតអគ្គិសនីពីកម្លាំងខ្យល់សម្រាប់មនុស្ស 6 លានគ្រួសារក្នុងមួយឆ្នាំៗ។
ទួរប៊ីនកង្ហារផលិតអគ្គិសនីពីកម្លាំងខ្យល់ដំបូងដែលស្ថិតក្នុងគម្រោងសាងសង់កសិដ្ឋានផលិតអគ្គិសនីពីកម្លាំងខ្យល់ដែលធំជាងគេលើពិភពលោកនៅសមុទ្រខាងជើង (North Sea) ចាប់ផ្ដើមផ្គត់ផ្គង់អគ្គិសនីដល់បណ្ដាគ្រួសារ និងរោងចក្រដែលមានតម្រូវការ នៅប្រទេសអង់គ្លេស។ នេះបើតាមទំព័រសារព័ត៌មាន Guardian ចុះផ្សាយកាលពីពេលថ្មីៗនេះ។
ក្រុមហ៊ុនអភិវឌ្ឍ កាលពីថ្ងៃទី 09 តុលា បញ្ជាក់ថា ចំការ Dogger Bank ដែលមានចម្ងាយ 130 គីឡូម៉ែត្រពីតំបន់ឆ្នេរសមុទ្រ Yorkshire ផលិតអគ្គិសនីចាប់ពីដើមខែតុលា ឆ្នាំ 2023 នៅពេលទួរប៊ីនដំបូងក្នុងចំណោម 277 គ្រឿង ត្រូវបានភ្ជាប់ជាមួយនឹងបណ្ដាញអគ្គិសនី។
គម្រោង Dogger Bank ដែលត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុនអង់គ្លេស SSE រួមនឹងក្រុមហ៊ុន Equinor និង Vargronn របស់ប្រទេសន័រវែស នឹងផលិតអគ្គិសនីបាន 3.6 ជីហ្គាវ៉ាត់ (gigawatt) ដែលគ្រប់គ្រាន់សម្រាប់ឆ្លើយតបនឹងតម្រូវការរបស់មនុស្ស 6 លានគ្រួសារក្នុងមួយឆ្នាំៗ នៅពេលស្ថាបនារួចរាល់នៅឆ្នាំ 2026។
នាយករដ្ឋមន្ត្រីរបស់ប្រទេសអង់គ្លេស Rishi Sunak ឱ្យដឹងថា គម្រោងដែលមានតម្លៃ 11 ពាន់លានដុល្លារអាម៉េរិកនេះ ដើរតួនាទីយ៉ាងសំខាន់ ដោយមិនត្រឹមតែរួមចំណែកពង្រឹងសន្តិសុខថាមពលក្នុងស្រុកនោះទេ តែក៏ជួយបង្កើតការងារ កាត់បន្ថយការចំណាយលើថ្លៃអគ្គិសនី និងអាចជួយឱ្យប្រទេសនេះសម្រេចបានគោលដៅមិនបំភាយឧស្ម័ន CO2 នៅប៉ុន្មានឆ្នាំខាងមុខផងដែរ។
ក្រុមអ្នកអភិវឌ្ឍឱ្យដឹងថា ការវិលមួយជុំរបស់ស្លាបប្រវែង 107 ម៉ែត្រនៅលើទួរប៊ីនដំបូងរបស់ចំការ Dogger Bank អាចផលិតអគ្គិសនីគ្រប់គ្រាន់សម្រាប់ការប្រើប្រាស់ពីរថ្ងៃរបស់គ្រួសារធម្មតាមួយគ្រួនៅប្រទេសអង់គ្លេស។
កាលពីឆ្នាំកន្លង SSE ក៏បានដាក់ឱ្យដំណើរការគម្រោងចំការផលិតអគ្គិសនីនៅលើសមុទ្រមួយដែលធំបំផុតនៅស្កុតឡែនផងដែរ នោះគឺស្ថានីយ Seagreen។
ប្រទេសនានានៅលើពិភពលោក ពិសេសគឺបណ្ដាប្រទេសអភិវឌ្ឍ និងប្រទេសមហាអំណាច បាន និងកំពុងនាំគ្នាអភិវឌ្ឍស្ថានីយផលិតអគ្គិសនីប្រើកម្លាំងខ្យល់ ដោយសារតែសង្គ្រាមរវាងអ៊ុយក្រែន – រុស្ស៊ី និងការរឹងបន្តឹងការនាំចូលប្រេង បានធ្វើឱ្យផលិតផលថាមពលចេះតែឡើងថ្លៃ និងគ្រាដែលពិភពលោកកំពុងត្រូវការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់៕