Skip to content

ប្រជុំ​កំពូល​អាស៊ាន​លើក​ទី31 នៅ​ហ្វីលីពីន តើ​កម្ពុជា​ទទួលបាន​អ្វីខ្លះ?

ភ្នំពេញ៖ ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី31 នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន កម្ពុជា​ទទួលបាន​ផ្លែផ្កា​ថ្មី​មួយ​ទៀតហើយ សម្រាប់​ធ្វើឱ្យ​លំហូរ​សេដ្ឋកិច្ច​មាន​ភាព​កាន់តែ​ប្រសើរឡើង តាមរយៈ​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​អាស៊ាន-ហុងកុង និង​កិច្ចព្រមព្រៀង​ស្តីពី វិនិយោគ​រវាង​អាស៊ាន និង​ហុងកុង។

ក្នុងអំឡុងពេល​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី31 និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នេះ ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម រួមជាមួយ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន និង​រដ្ឋលេខាធិការ​ពា​ណិ​ជ្ជ​កម្ម និង​ឧស្សាហកម្ម​ចិន​ហុងកុង​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សំខាន់​ចំនួន​ពីរ​គឺ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​អាស៊ាន-ហុងកុង និង​កិច្ចព្រមព្រៀង​ស្តីពី​វិនិយោគ​រវាង​អាស៊ាន និង​ហុងកុង។

ដែល​នេះ​គឺជា​ជោគជ័យ​ថ្មី​មួយទៀត​ដែល​ក្រសួងពាណិជ្ជកម្ម និង​ស្ថាប័ន​ពាក់ព័ន្ធ​របស់​កម្ពុជា ទទួលបាន​ក្នុង​ការធ្វើសមាហរណកម្ម​សេដ្ឋកិច្ច​ទៅក្នុង​សេដ្ឋកិច្ច​តំបន់ និង​ពិភពលោក បន្ទាប់ពី​រដ្ឋសភា និង​ព្រឹទ្ធសភា​កម្ពុជា​បានអនុម័ត​យល់ព្រម​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​ឧបាស្រ័យ​ពាណិជ្ជកម្ម និង​អនុម័ត​យល់ព្រម​លើ​ពិធីសារ​នៃ​ការអនុវត្ត​កិច្ចព្រមព្រៀង​អាស៊ាន សាធារណរដ្ឋ​ប្រជាមានិត​ចិន​កាលពី​ខែតុលា ឆ្នាំ2017 កន្លងទៅ។

កិច្ចព្រមព្រៀង​នេះ មាន​គោលបំណងសំខាន់ៗគឺ៖

ទី1.ដើម្បី​កាត់បន្ថយ​របាំង​ចំពោះ​លំហូរ​ពាណិជ្ជកម្ម​ទំនិញ សេវា និង​វិនិយោគ ធើ្វ​ឱ្យ​កាន់តែ​ស៊ីជម្រៅ និង​ទូលំទូលាយ​នូវ​ការផ្សារភ្ជាប់​សេដ្ឋកិច្ច កាត់បន្ថយ​ចំណាយ​សម្រាប់​ធុរជន បង្កើន​ពាណិជ្ជកម្ម ពង្រឹង​ប្រសិទ្ធភាព​សេដ្ឋកិច្ច និង​បង្កើត​ទីផ្សារ​កាន់តែ​ធំ​ទូលាយ​ជាមួយ​កាលានុវត្តភាព​ច្រើនជាង​មុន និង​សេដ្ឋកិច្ច​មាត្រដ្ឋាន​កាន់តែ​ធំ​សម្រាប់​ធុរកិច្ច។

2.ធ្វើ​ពិពិធ​កម្ម និង​ជំរុញ​ពាណិជ្ជកម្ម​វិនិយោគ និង​ទំនាក់ទំនង​សេដ្ឋកិច្ច​រវាង​ភាគី។

3.ផ្តល់​ការអនុគ្រោះ​ពិសេស និង​ដោយឡែក​ចំពោះ​រដ្ឋ​ជា​សមាជិក​អាស៊ាន​ថ្មី ដូចជា​កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា និង​វៀតណាម ដើម្បី​បង្កើន​ការចូលរួម​ក្នុង​សមាហរណកម្ម​សេដ្ឋកិច្ច​កាន់តែខ្លាំង​ជាង​មុន និង​ពង្រីក​ការនាំចេញ​តាមរយៈ​ការបង្កើន​សមត្ថភាព ប្រសិទ្ធភាព និង​ភាព​ប្រកួតប្រជែង​ក្នុងស្រុក។

4.ជួយ​ទ្រទ្រង់​ដល់​ការធ្វើសមាហរណកម្ម​សេដ្ឋកិច្ច​ទៅក្នុង​តំបន់ និង​ពិភពលោក និង​ទ្រទ្រង់​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព។

នៅពេល​កិច្ចព្រមព្រៀង​នេះ​ចូល​ជា​ធរមាន​នឹងធ្វើ​ឱ្យមាន​ភាពល្អប្រសើរ​ឡើង​នូវ​លំហូរ​វិនិយោគ និង​ពាណិជ្ជកម្ម​រវាង​ភាគី​ទាំងពីរ ដែល​នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​ប្រជាជន​អាស៊ាន រួមមាន​កម្ពុជា​ផងដែរ។ លើសពីនេះ​ទៀត​វា​នឹង​បង្កើន​ការតភ្ជាប់​សេដ្ឋកិច្ចរ​វា​ង​អាស៊ាន-ហុងកុង តាមរយៈ​ការធ្វើ​សេរីភាវូបនីយកម្ម​ពាណិជ្ជកម្ម​ទំនិញ សេវាកម្ម​និង​វិនិយោគ។ កម្ពុជា​នឹង​ទទួលបាន​ផលប្រយោជន៍​ច្រើន​ពី​កិច្ចព្រមព្រៀង​នេះ ដោយសារ​ហុងកុង​ជាទី​ផ្សារ​មូលធន​ដ៏​ធំ។

គួររំឭកថា កិច្ចព្រមព្រៀង​សំខាន់​ទាំងពីរ​ត្រូវបាន​ចាប់ផ្តើម​ចរចា​ដំបូង​នៅ​ឆ្នាំ2014 និង​បានបញ្ចប់​នា​កិច្ចប្រជុំ​គណៈកម្មាធិការ​ចរចា​ពាណិជ្ជកម្ម​អាស៊ាន-ហុងកុង​លើក​ទី10នៅ​ទីក្រុង​បាងកក ថៃឡង់​ដ៏ កាលពី​ខែកក្កដា ឆ្នាំ2017។ ក្រោយពី​នោះ មាន​ការងារ​បច្ចេកទេស​លម្អិត​ជាច្រើន​ត្រូវបាន​បន្តធ្វើ ដូចជា​ការងារ​រៀបចំ​ឱ្យមាន​ការឯកភាព​គ្នា​ក្នុងការ​ប្រើប្រាស់​ពាក្យពេចន៍​គន្លឹះ​មួយចំនួន តារាង​បញ្ចុះ​ពន្ធគយ​ចុងក្រោយ ទម្រង់​រួម​នៃ​តារាង​ពន្ធគយ។ល៕

Leave a Reply

Your email address will not be published. Required fields are marked *