(វៀតណាម) – យោងតាមស្ថាប័ននានារបស់សភា បេសកកម្មរឹបអូសយកទ្រព្យដែលបានពីអំពើពុករលួយមានការប្រែប្រួលវិជ្ជមាន ក្នុងនោះស្ថាប័នមានសមត្ថកិច្ចរឹបអូសប្រាក់បានជាង 386,000,000,000,000 ដុង។
រាប់ចាប់ពីដើមអាណត្តិសភានីតិកាលទី 15 (2021-2026) វៀតណាមបានរកឃើញអំពើពុករលួយចំនួន 865 ករណី ក្នុងនោះមានបុគ្គល 1374 នាក់ត្រូវបានរកឃើញថាបានរលោភច្បាប់ និងសំណងគិតជាប្រាក់ជាង 972 ពាន់លានដុង (ប្រហែល 39.8 លានដុល្លារអាម៉េរិក)។ នេះបើតាមទំព័រសារព័ត៌មានវៀតណាម Sai Gon Giai Phong (SGGP) ចុះផ្សាយកាលពីល្ងាចថ្ងៃទី 05 តុលា 2023។
ពិសេសជាងនេះ មានមន្ត្រីរដ្ឋការចំនួន 934 រូបត្រូវបានកាត់ទោសពីបទរំលោភគោលការណ៍រដ្ឋ។ យោងតាមស្ថាប័ននានារបស់សភា បេសកកម្មរឹបអូសយកទ្រព្យដែលបានពីអំពើពុករលួយមានការប្រែប្រួលវិជ្ជមាន ក្នុងនោះស្ថាប័នមានសមត្ថកិច្ចរឹបអូសប្រាក់ពុករលួយបានជាង 386,000,000,000,000 (386 ទ្រីលាន) ដុង ដែលប្រហែលនឹង 15.8 ពាន់លានដុល្លារអាម៉េរិក, អចលនទ្រព្យចំនួន 249 កន្លែង និងភាគហ៊ុនជាង 56 លានហ៊ុន។
ការរឹបអូសទ្រព្យពុករលួយធំៗ ដូចករណីក្រុមហ៊ុន Viet A ក្រុមមន្ត្រីពុករលួយដែលជាប់ពាក់ព័ន្ធ បានស្ម័គ្រចិត្តប្រគល់ប្រាក់ដែលបានពីអំពើខុសច្បាប់ ខណៈដែលសមត្ថកិច្ចរឹបអូសទ្រព្យបាន 1.6 ទ្រីលានដុង (65.5 លានដុល្លារអាម៉េរិក) គ្រាដែលករណីស្រដៀងនេះនៅតែមិនទាន់ត្រូវបានចាត់ការ។
សភាកុម្មុយនីស្តឯកបក្សវៀតណាមដែលបច្ចុប្បន្នមានសមាជិកជិត 500 រូប ក៏បានស្នើឱ្យរដ្ឋាភិបាលបញ្ជាក់លំអិតអំពីលទ្ធផលនៃការស៊ើបអង្កេត ដោះស្រាយការតវ៉ា ចោទប្រកាន់ និងបង្ហាញឱ្យបានច្បាស់ថា ស្ថាប័ន អង្គភាព និងវិស័យណាខ្លះដែលងាយកើតមានអំពើពុករលួយផងដែរ៕