ការដែលហ្វ៊ីលីពីនលុបចោលពិតាននៃតម្លៃអង្ករក្នុងស្រុក ត្រូវបានគេមើលឃើញថា អាចនឹងជួយឱ្យទីផ្សារអង្កររបស់ពិភពលោកងើបឡើងវិញ។
យោងតាមសារព័ត៌មាននៅប្រទេសហ្វ៊ីលីពីន កាលពីថ្ងៃទី 04 តុលា 2023 ប្រធានាធិបតីហ្វ៊ីលីពីន Ferdinand Marcos Jr. បានប្រកាសថា នឹងដកចោលវិធានការគ្រប់គ្រងពិតាននៃតម្លៃអង្ករសម្រិតធម្មតា និងអង្ករសម្រិតពិសេស។
ដូចនេះ ពិតាននៃតម្លៃអង្ករនៅប្រទេសហ៊្វីលីពីនត្រូវបានទម្លាក់ចោលបន្ទាប់ពីអនុវត្តបានមួយខែ។ ប្រការនេះក៏ទទួលបានការសាទរពីប្រជាពលរដ្ឋក្នុងប្រទេសនេះផងដែរ ព្រោះថា វាលើកទឹកចិត្តដល់ការផលិតក្នុងស្រុក ពិសេសគឺចំពេលដែលរដូវប្រមូលផលកំពុងកើតឡើង។
មុននោះ តម្លៃពិតានរបស់អង្ករត្រូវបានហ្វ៊ីលីពីនដាក់ចេញក្នុងបំណងទប់ទល់នឹងបញ្ហាអង្ករឡើងថ្លៃខ្ពស់ខ្លាំង ដែលបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋដែលមានចំណូលទាប។
យោងតាមក្រសួងកសិកម្មអាម៉េរិក ឆ្នាំនេះ ប្រទេសហ្វ៊ីលីពីន និងចិន គឺជាអ្នកនាំចូលអង្ករធំជាងគេលើពិភពលោក ដោយពួកគេនឹងទិញប្រហែល 3.5 លានតោន ទាបជាងបន្តិចបើធៀបនឹងការព្យាករចាស់ (3.8 លានតោន)។
គិតមកដល់បច្ចុប្បន្ន ហ្វ៊ីលីពីនបាននាំចូលអង្ករ 2.49 លានតោន ទាបជាងជិត 18% បើធៀបនឹង 3.03 លានតោនក្នុងដំណាក់កាលដូចគ្នាកាលពីឆ្នាំមុន។
អ្នកជំនាញ និងអ្នកជំនួញយល់ថា ការដែលហ្វ៊ីលីពីនលុបចោលពិតាននៃតម្លៃអង្ករក្នុងស្រុក នឹងអាចជួយឱ្យទីផ្សារអង្ករងើបឡើងវិញ បន្ទាប់ពីធ្លាក់ថ្លៃខ្លាំងនាពេលកន្លង៕