BYD របស់ចិនទំនងជានឹងអាចហក់ផុត Tesla ដើម្បីក្លាយជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីធំជាងគេបង្អស់ក្នុងពិភពលោក គ្រាដែលវិស័យឧស្សាហកម្មរថយន្តរបស់ប្រទេសចិនមានកំណើនយ៉ាងឆាប់រហ័ស ដោយសារតែយានយន្តអគ្គិសនី។
យោងតាម Fortune ការលក់ធ្លាក់ចុះនៅក្នុងត្រីមាសទីបីនៃឆ្នាំ 2023 របស់ Tesla កំពុងបង្កឱកាសល្អដល់គូប្រជែង BYD ក្នុងការដណ្ដើមយកតំណែងនាំមុខគេក្នុងវិស័យរថយន្តអគ្គិសនីនៅទូទាំងសកលលោក។
ក្នុងត្រីមានទីបីនៃឆ្នាំ 2023 Tesla លក់រថយន្តអគ្គិសនីបានជាង 435,000 គ្រឿង គ្រាដែល BYD លក់បានជាង 431,000 គ្រឿង។ គម្លាតដ៏ខ្លីនេះមានន័យថា BYD អាចជិតយកឈ្នះលើ Tesla ទាក់ទងនឹងបរិមាណរថយន្តអគ្គិសនីដែលបានលក់ចេញ។
បើគិតជាសរុប BYD បានយកឈ្នះ Tesla តាំងពីយូរមកហើយ។ យោងតាម Bloomberg បើគិតទាំងរថយន្តកូនកាត់ម៉ូទ័រអគ្គិសនី-ម៉ាស៊ីនចំហេះក្នុង (hybrid) BYD លក់បានជាង 800,000 គ្រឿងក្នុងត្រីមាសទីបី ច្រើនជាងជិតទ្វេដង បើធៀបនឹង Tesla។
ក្រុមហ៊ុនចិន BYD កាលពីឆ្នាំ 2022 លក់រថយន្តបាន 1.8 លានគ្រឿង ក្នុងនោះមានជាង 911,000 គ្រឿងគឺជារថយន្តអគ្គិសនីសុទ្ធ។ ក្នុងដំណាក់កាលនោះដែរ Tesla លក់រថយន្តអគ្គិសនីសុទ្ធបាន 1.3 លានគ្រឿង។