ក្រុមម្ចាស់ជើងឯកពិភពលោកបួនសម័យកាល អ៊ីតាលី បានខកខានក្នុងការឈ្នះកៅអីទៅលេងក្នុងយុទ្ធនាការ World Cup ជាលើកទី1 ចាប់តាំងពីឆ្នាំ1958 ក្រោយពីការបញ្ចប់ក្នុងលទ្ធផលស្មើ 0-0 ក្នុងការប្រកួតជើងទី2 នៃវគ្គ Playoff ជាមួយនឹងក្រុមជម្រើសជាតិស៊ុយអែតកាលពីថ្ងៃចន្ទ។
លទ្ធផលនេះមានន័យថា ក្រុមជម្រើសជាតិអ៊ីតាលីដែលមានរហស្សនាមថា Azzurri នឹងមិនបានបង្ហាញខ្លួនក្នុងយុទ្ធនាការ World Cup ជាលើកទី2ក្នុងប្រវត្តិសាស្ត្ររបស់ពួកគេ ក្រោយពីបានបដិសេធមិនចូលរួមលេងក្នុងព្រឹត្តិការណ៍ពិភពលោកលើកទី1 កាលពីឆ្នាំ1930។ គ្រាប់បាល់បញ្ចូលទី1គ្រាប់របស់ខ្សែបម្រើ Jakob Johansson របស់ស៊ុយអែតកាលពីការប្រកួតជើងទី1 បានក្លាយជាគ្រាប់បាល់កាត់សេចក្តី ខណៈដែលការប្រកួតជើងទី2នៅកីឡដ្ឋាន San Siro នាទីក្រុង Milan បានបញ្ចប់ដោយមិនមានក្រុមណាអាចរកបានគ្រាប់បាល់បញ្ចូលទីឡើយ។ បើទោះបីស្ថិតនៅចំពោះមុខអ្នកគាំទ្រដល់ទៅ 74,000នាក់ នាកីឡដ្ឋាន San Siro ក៏ដោយ ប៉ុន្តែម្ចាស់ជើងឯក World Cup ឆ្នាំ2006 មួយនេះ មិនបានរកឃើញផ្លូវទៅវគ្គបន្តបានឡើយ។ លទ្ធផលនេះក៏បង្ហាញពីការបញ្ចប់យុគសម័យកាលមួយសម្រាប់អ្នកចាំទីជើងចាស់ Gianluigi Buffon ដែលនឹងមិនអាចចូលប្រកួតក្នុង World Cup ជាលើកទី6របស់គេបានឡើយ។ ស្ថិតក្នុងវ័យ39ឆ្នាំ Buffon ដែលបានបង្ហាញខ្លួនជាអន្តរជាតិ 175លើក ធ្លាប់បានប្រកាសថា ជុំផ្តាច់ព្រ័ត្រនៅរុស្ស៊ី នឹងក្លាយជាការបង្ហាញខ្លួនជាលើកចុងក្រោយរបស់គេក្នុងនាមជាកីឡាករសម្រាប់ក្រុមជម្រើសជាតិ។
Buffon បាននិយាយទាំងទឹកភ្នែកថា៖ «ខ្ញុំសោកស្តាយមិនមែនសម្រាប់តែខ្ញុំឡើយ ប៉ុន្តែសម្រាប់រាល់កីឡាករយើងទាំងអស់ ពីព្រោះយើងបានបរាជ័យ និងសូម្បីតែក្នុងកម្រិតសង្គម លទ្ធផលនេះក៏អាចសំខាន់ផងដែរ»៕
ប្រភពពី៖ BBC