ប្រទេសឥណ្ឌា បច្ចុប្បន្នមានក្រុមហ៊ុនធុរកិច្ចថ្មីផ្នែកបច្ចេកវិទ្យាអវកាសរហូតដល់ 190 ស្ថាប័ន ច្រើនជាងទ្វេដងបើធៀបនឹងមួយឆ្នាំមុន ក្នុងនោះការវិនិយោគពីវិស័យឯកជនកើន 77% ក្នុងអំឡុងពេលពីឆ្នាំ 2021 ដល់ 2022។
កាលពីឆ្នាំ 2019 នៅពេលអ្នកវិនិយោគឥណ្ឌា Awais Ahmed បង្កើតក្រុមហ៊ុនផ្កាយរណប Pixxel ប្រទេសឥណ្ឌាមិនទាន់បើកទ្វារសម្រាប់វិស័យឯកជននៅឡើយ។ ក៏ប៉ុន្តែចាប់ពីពេលនោះរហូតដល់បច្ចុប្បន្ន បណ្ដាក្រុមហ៊ុនអវកាសឯកជននៅប្រទេសឥណ្ឌា ក៏កាន់តែរីកដុះដាល។ នេះបើតាម AFP ចុះផ្សាយកាលពីថ្ងៃទី 01 តុលា 2023។ យោងតាម Deloitte បច្ចុប្បន្នប្រទេសឥណ្ឌាមានក្រុមហ៊ុនអវកាសចំនួន 190 ស្ថាប័ន ច្រើនជាងទ្វេដងបើធៀបនឹងមួយឆ្នាំមុន ក្នុងនោះ ការវិនិយោគពីឯកជនចាប់ពីឆ្នាំ 2021 ដល់ 2022 កើន 77%។
បច្ចុប្បន្ន ទីផ្សារអវកាសទូទាំងពិភពលោកមានតម្លៃ 386 ពាន់លានដុល្លារអាម៉េរិក ក្នុងនោះប្រទេសឥណ្ឌាកាន់កាប់ 2%។ ប្រទេសនេះសង្ឃឹមថា ចំណែកទីផ្សាររបស់ខ្លួននឹងកើនដល់ 9% នៅត្រឹមឆ្នាំ 2030។ ចំណែកឯតម្លៃសរុបនៃទីផ្សារអវកាសពិភពលោកគ្រោងនឹងកើនឡើងដល់មួយទ្រីលាន (1,000,000,000,000) ដុល្លារអាម៉េរិកនៅឆ្នាំ 2040។
បណ្ដាក្រុមហ៊ុនឥណ្ឌាមានប្រៀបជាងគេនៅក្នុងការចំណាយទាប ព្រោះថាប្រទេសនេះមានវិស្វករជាន់ខ្ពស់ច្រើនដែលមានប្រាក់បៀវត្សរ៍ទាបជាងបើធៀបនឹងបណ្ដាក្រុមហ៊ុនបរទេស។ ក្រុមហ៊ុនបច្ចេកវិទ្យាអវកាសរបស់ឥណ្ឌាដែលលេចធ្លោជាងគេក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ រួមមានជាអាទិ៍ Skyroot Aerospace, Dhruva Space និង Bellatrix Aerospace ជាដើម៕