ផ្លូវដែកល្បឿនលឿនដំបូងរបស់ប្រទេសឥណ្ឌូណេស៊ី ជិតបើកទ្វារទទួលអ្នកដំណើរ ដែលនេះនឹងជួយកាត់បន្ថយពេលវេលានៃការធ្វើដំណើររវាងទីក្រុងពីរធំជាងគេបង្អស់របស់ប្រទេសនេះ។
គម្រោងផ្លូវដែកដែលមានតម្លៃ 7.3 ពាន់លានដុល្លារអាម៉េរិកនេះនឹងត្រូវបានសម្ពោធដាក់ឱ្យដំណើរការក្នុងថ្ងៃទី 02 តុលា 2023 ក្រោយពីបានពន្យារពេលច្រើនលើក។ នេះគឺជាមួយផ្នែកនៃគំនិតផ្ដួចផ្ដើមហេដ្ឋារចនាសម្ព័ន្ធខ្សែក្រវាត់ និងផ្លូវ ដែលទទួលបានជំនួយភាគច្រើនពីបណ្ដាក្រុមហ៊ុនរដ្ឋចិន។
«យើងនឹងសម្ពោធនៅថ្ងៃទី 02 តុលា ដោយសារប្រធានាធិបតីជាប់រវល់នៅក្នុងថ្ងៃទី 01 តុលា» រដ្ឋមន្ត្រីក្រសួងគមនាគមន៍ឥណ្ឌូណេស៊ី Budi Karya Sumadi កាលពីថ្ងៃទី 29 កញ្ញា ថ្លែងដូច្នេះ។
ផ្លូវដែកសម្រាប់រថភ្លើងល្បឿនលឿនប្រវែង 138 គីឡូម៉ែត្រ និងមានឈ្មោះថា WHOOSH នេះ តភ្ជាប់រវាងរដ្ឋធានីហ្សាការតា និង Bandung នៅខេត្តជ្វាខាងលិច ដែលជាទីក្រុងធំជាងគេលំដាប់ទីពីររបស់ឥណ្ឌូណេស៊ី និងជាមជ្ឈមណ្ឌលសិល្បៈ វប្បធម៌ដ៏ធំរបស់ឥណ្ឌូណេស៊ី។
រថភ្លើងដែលរត់លើផ្លូវដែក WHOOSH ដំណើរការដោយអគ្គិសនី និងមានល្បឿនប្រហែល 350 គីឡូម៉ែត្រ/ម៉ោង នឹងជួយកាត់បន្ថយពេលវេលាក្នុងការធ្វើដំណើររវាង ហ្សាការតា និង Bandung ពីបីម៉ោងមកនៅក្រោមមួយម៉ោង។ WHOOSH ក៏ជាផ្លូវដែកល្បឿនលឿនដំបូងនៅតំបន់អាស៊ីអាគ្នេយ៍ផងដែរ។
គម្រោងខាងលើនេះត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនបណ្ដាក់ទុនរួម PT Kereta Cepat ឥណ្ឌូណេស៊ី – ចិន (PT KCIC)។ តំណាងក្រុមហ៊ុននេះក៏បានឱ្យដឹងថា ស្ថាប័នពាក់ព័ន្ធកំពុងចរចាអំពីការពង្រីកផ្លូវដែកល្បឿនលឿនទៅកាន់ Surabaya ដែលជាទីក្រុងកំពង់ផែធំរបស់ខេត្តជ្វាខាងកើត។
កិច្ចព្រមព្រៀងអភិវឌ្ឍផ្លូវរថភ្លើងល្បឿនលឿននៅឥណ្ឌូណេស៊ី ត្រូវបានចុះហត្ថលេខាកាលពីឆ្នាំ 2015 និងចាប់ផ្ដើមស្ថាបនាតាំងពីចុងឆ្នាំនោះ។ តាមផែនការដំបូង គម្រោងនេះគ្រោងនឹងត្រូវបានដាក់ឱ្យដំណើរការក្នុងឆ្នាំ 2019 ប៉ុន្តែត្រូវបានពន្យារពេលច្រើនលើកដោយសារតែបញ្ហាកូវីដ-19៕