ពន្ធលើអចលនទ្រព្យគឺជាពន្ធមួយប្រភេទដែលបង្ហាញវត្តមានតាំងពីបុរាណរហូតដល់បច្ចុប្បន្ន ហើយតែងតែផ្ដោតទៅលើដីធ្លី និងសំណង់នៅលើដីធ្លី។ តាំងពីបណ្ដាឆ្នាំ 200 មុនគ្រិស្តសករាជ ដល់ឆ្នាំ 300 នៃគ្រិស្តសករាជ ជនជាតិរ៉ូម៉ាំងបានយកពន្ធលើដីធ្លី និងសំណង់នៅលើដី។ បច្ចុប្បន្ន ពន្ធលើអចលនទ្រព្យត្រូវបានអនុវត្តនៅក្នុងប្រទេសជាច្រើនលើពិភពលោក ដោយប្រើប្រាស់រូបមន្ត និងឈ្មោះផ្សេងៗគ្នា មានជាអាទិ៍ ពន្ធលើអចលនទ្រព្យប្រចាំឆ្នាំ ពន្ធលើការផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យ ពន្ធលើការចុះបញ្ជីអចលនទ្រព្យ ពន្ធមរតក ពន្ធលើអំណោយដែលសំដៅលើអចលនទ្រព្យដែលជាមរតក ឬអំណោយជាដើម។
យោងតាមនិយមន័យដែលកំណត់ដោយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងអង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ (OECD) ពន្ធលើអចលនទ្រព្យគឺជាខ្ទង់ប្រាក់ដែលរដ្ឋប្រមូលតាមកាលកំណត់ ឬមិនតាមកាលកំណត់ ទាក់ទងនឹងការប្រើប្រាស់ កាន់កាប់ និងផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យ។ គោលដៅដែលត្រូវជាប់ពន្ធនេះភាគច្រើនគឺជាផ្ទះ និងដី ប៉ុន្តែ អាចខុសគ្នាខ្លះទៅតាមប្រទេសនីមួយៗ។ ឧទាហេរណ៍ នៅប្រទេសចិន ពន្ធដែលទាក់ទងនឹងអចលនទ្រព្យរួមមាន ពន្ធលើការប្រើប្រាស់ដីក្រុង ពន្ធលើគេហដ្ឋាន ពន្ធលើអចលនទ្រព្យក្នុងក្រុង និងពន្ធលើការប្រើប្រាស់ដីកសិកម្មជាដើម។ នៅប្រទេសថៃ មុនឆ្នាំ 2016 អចលនទ្រព្យដែលជាប់ពន្ធរួមមាន ផ្ទះ ដី និងការអភិវឌ្ឍដីធ្លី។ល។
បច្ចុប្បន្ន ពន្ធលើអចលនទ្រព្យកាន់តែមានតួនាទីសំខាន់នៅក្នុងខ្ទង់ប្រាក់ចំណូលសរុបរបស់ប្រទេសនានា ដោយមានអត្រាជាមធ្យមពី 3 ទៅ 4% បើធៀបនឹងប្រាក់ចំណូលសរុបដែលបានពីពន្ធនៅក្នុងបណ្ដាប្រទេសអភិវឌ្ឍ ខណៈប្រទេសខ្លះដូចជប៉ុនជាដើម អត្រានេះឡើងជិតដល់ 8%។
ខាងក្រោមនេះគឺជាតារាងសមាមាត្រនៃចំណូលបានពីពន្ធលើអចលនទ្រព្យ ធៀបនឹងចំណូលសរុបដែលបានពីពន្ធនៅប្រទេសមួយចំនួនក្នុងទ្វីបអាស៊ី៖
ប្រទេស | 2005 | 2006 | 2007 | 2008 | 2009 | 2010 | 2011 | 2012 | 2013 | 2014 |
ជប៉ុន | 7.3 | 6.8 | 6.8 | 7.3 | 7.9 | 7.7 | 7.5 | 7 | 6.8 | 6.4 |
កូរ៉េខាងត្បូង | 2.4 | 3.1 | 3.6 | 3.6 | 3.2 | 3.1 | 3.0 | 3.0 | 3.1 | 3.2 |
ឥណ្ឌូណេស៊ី | 4.3 | 4.8 | 4.5 | 3.6 | 3.6 | 3.7 | 3.1 | 2.7 | 2.1 | 1.8 |
ម៉ាឡេស៊ី | 3.9 | 4.2 | 4 | 3.6 | 3.9 | 4 | 3.5 | 3.2 | 3.2 | 3.4 |
ហ្វ៊ីលីពីន | 3 | 2.6 | 2.4 | 2.4 | 2.6 | 2.4 | 2.5 | 2.4 | 2.2 | 2.2 |
សិង្ហបុរី | 7.1 | 7.0 | 6.6 | 7.6 | 5.4 | 6.7 | 8.5 | 7.5 | 8.2 | 8.0 |