ការលក់មានការកើនឡើងខ្ពស់ក្នុងត្រីមាសទីពីរដោយសារតែការប្រគល់រថយន្តទៅឱ្យក្រុមហ៊ុនរថយន្តអគ្គិសនីឈ្នួល GSM។
VinFast Auto (VFS) ដែលជាសមាជិកមួយរបស់សាជីវកម្ម Vingroup (VIC) ទើបតែផ្ញើរបាយការណ៍ស្ដីពីស្ថានភាពរបស់ក្រុមហ៊ុនក្នុងត្រីមាសទីពីរ ជូនគណៈកម្មការមូលបត្រអាម៉េរិក (SEC)។
របាយការណ៍ខាងលើឱ្យដឹងថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីវៀតណាម VinFast រកបានចំណូល 334.1 លានដុល្លារអាម៉េរិក ខ្ពស់ជាងបួនដងធៀបនឹងត្រីមាសដំបូងរបស់ឆ្នាំនេះ។ លទ្ធផលនេះកើតឡើងដោយសារការប្រគល់រថយន្តអគ្គិសនីជូនអតិថិជនបានជាង 9,500 គ្រឿង ច្រើនជាងប្រាំដងធៀបនឹងត្រីមាសទីមួយ។
របាយការណ៍ផ្ញើទៅកាន់ SEC ក៏ឱ្យដឹងថា អតិថិជនធំជាងគេបំផុតរបស់ VinFast គឺក្រុមហ៊ុន GSM។ GSM គឺជាក្រុមហ៊ុនរថយន្តអគ្គិសនី និងម៉ូតូអគ្គិសនីឈ្នួលរបស់ VinGroup ដែលទើបត្រូវបានមហាសេដ្ឋីវៀតណាម លោក ហ្វាម ញ៉ឹតវ៉ឿង (ស្ថាបនិករបស់ VinGroup) បង្កើតឡើងកាលពីដើមឆ្នាំ។ GSM បានទទួលរថយន្តអគ្គិសនីប្រហែល 7,100 គ្រឿងពី VinFast គិតត្រឹមចុងត្រីមាសទីពីរ។ មុននោះ GSM បានចុះកិច្ចព្រមព្រៀងទិញម៉ូតូអគ្គិសនី 200,000 គ្រឿង និងរថយន្តអគ្គិសនី 30,000 គ្រឿងពី VinFast៕