កាលពីថ្ងៃទី 24 កញ្ញា Reuters ដកស្រង់សម្ដីនាយករដ្ឋមន្ត្រីថៃ Srettha Thavisin ដែលបានថ្លែងនៅបុរីនីវយ៉ក សហរដ្ឋអាម៉េរិក ឱ្យដឹងថា ប្រទេសថៃគ្រោងនឹងទទួលបានខ្ទង់វិនិយោគយ៉ាងតិច 5 ពាន់លានដុល្លារពីបណ្ដាក្រុមហ៊ុនអាម៉េរិក មានជាអាទិ៍ Tesla, Google និង Microsoft ជាដើម។
Reuters ឱ្យដឹងថា ក្នុងចំណោមក្រុមហ៊ុនដែលបានលើកឡើងនេះ Tesla នឹងពិចារណាលើការសាងសង់រោងចក្រផលិតរថយន្តអគ្គិសនី ខណៈ Microsoft និង Google អាចនឹងដាក់មជ្ឈមណ្ឌលទិន្នន័យរបស់ខ្លួននៅប្រទេសថៃ។
យោងតាមនាយករដ្ឋមន្ត្រីថៃដដែល ប្រភពទុនវិនិយោគថ្មីពីបរទេស នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់ថៃ ដែលកំពុងថមថយ ហើយគ្រោងនឹងមានកំណើនត្រឹមតែ 2.8% ប៉ុណ្ណោះក្នុងឆ្នាំនេះ។
រដ្ឋាភិបាលថ្មីរបស់ប្រទេសថៃ កំពុងតែបញ្ចេញសកម្មភាពយ៉ាងខ្លាំងក្លាដើម្បីបង្កើនភាពងាយស្រួលដល់ការវិនិយោគពីបរទេស។ ដើម្បីរក្សាតំណែងជាមជ្ឈមណ្ឌលដំឡើងរថយន្តធំជាងគេលំដាប់ទីបួននៅអាស៊ី ថៃបានលើកឡើងនូវអត្ថប្រយោជន៍ជាច្រើនដើម្បីទាក់ទាញអ្នកផលិតរថយន្តអគ្គិសនី និងថ្មផ្ទុកអគ្គិសនី ទន្ទឹមនឹងការបញ្ចុះអត្រាពន្ធសម្រាប់អ្នកទិញរថយន្តអគ្គិសនីក្នុងប្រទេស ក្នុងបំណងលើកទឹកចិត្តឱ្យមានការប្រើប្រាស់កាន់តែច្រើន។
ក្នុងអំឡុងពេលស្ថិតនៅសហរដ្ឋអាម៉េរិក នាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin ក៏បានចូលជួបនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Tesla លោក Elon Musk ផងដែរ ដើម្បីពិភាក្សាអំពីបញ្ហានានានៅក្នុងវិស័យរថយន្តអគ្គិសនី៕