ប្រទេសសិង្ហបុរីបានយកឈ្នះលើហុងកុង ដើម្បីក្លាយជាខឿនសេដ្ឋកិច្ចដែលមានសេរីភាពជាងគេបង្អស់លើពិភពលោក។ ចំណាត់ថ្នាក់នេះត្រូវបានប្រកាសនៅក្នុងរបាយការណ៍របស់វិទ្យាស្ថាន Fraser។
កាលពីថ្ងៃតី 21 កញ្ញា សារព័ត៌មាន CNBC ដកស្រងរបាយការណ៍ឆ្នាំ 2023 របស់វិទ្យាស្ថាន Fraser ឱ្យដឹងថា សិង្ហបុរីបានយកឈ្នះលើហុងកុង (ប្រទេសចិន) ដោយបានក្លាយជាប្រទេស/ដែនដីដែលមានសេដ្ឋកិច្ចប្រកបដោយសេរីភាពបំផុតលើពិភពលោក។
ចំណែកប្រទេសស៊្វីស នូវែលសេឡង់ និងសហរដ្ឋអាម៉េរិក ជាប់ចំណាត់ថ្នាក់ទីបី ទីបួន និងទីប្រាំ នៅក្នុងបញ្ជីចំណាត់ថ្នាក់។
នេះគឺជាលើកដំបូងហើយដែលហុងកុងបានធ្លាក់ពីចំណាត់ថ្នាក់ទីមួយមកទីពីរ រាប់ចាប់ពីសន្ទស្សន៍សេរីភាពសេដ្ឋកិច្ចពិភពលោក ត្រូវបានប្រកាសកាលពីឆ្នាំ 1970។ សន្ទស្សន៍សេរីភាពសេដ្ឋកិច្ចរបស់ហុងកុងត្រូវបានព្យាករថា នឹងធ្លាក់ចុះជាបន្តទៀតនាពេលខាងមុខ។
អ្នកជំនាញនៅវិទ្យាស្ថាន Fraser ដែលជាអង្គការស្រាវជ្រាវ និងអប់រំឯករាជ្យ មានមូលដ្ឋាននៅប្រទេសកាណាដា បញ្ជាក់ថា ការកំណត់ថ្មីដែលបង្កឱ្យមានឧបសគ្គដល់ការធ្វើសមាហរណកម្មទីផ្សារ ការចំណាយរបស់សហគ្រាសនានាមានការកើនឡើង និងការជ្រើសរើសបុគ្គលិកបរទេសត្រូវបានកាត់បន្ថយជាដើម គឺជាដើមហេតុដែលនាំឱ្យហុងកុងត្រូវធ្លាក់ពីចំណាត់ថ្នាក់ទីមួយ៕