ចាប់ពីថ្ងៃទី 13 កញ្ញា 2023 រដ្ឋាភិបាលថ្មីរបស់ប្រទេសថៃបានអនុម័តវិធានការមួយចំនួនដើម្បីជំរុញវិស័យទេសចរណ៍ ក្នុងនោះក៏មានកម្មវិធីលើកលែងទិដ្ឋាការដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ចិន។
ភ្ញៀវទេសចរណ៍ដែលមកពីប្រទេសចិន និងប្រទេសកាហ្សាក់ស្ថាន នឹងទទួលបានការលើកលែងទិដ្ឋាការនៅពេលមកទស្សនាប្រទេសថៃចាប់ពីថ្ងៃទី 25 កញ្ញា 2023 ដល់ 29 កុម្ភៈ 2024។
គោលនយោបាយថ្មីដែលអូសបន្លាយពេលតែប៉ុន្មានខែនេះគឺដើម្បីវាយតម្លៃលើឥទ្ធិពលទៅលើសេដ្ឋកិច្ចជាតិ ប៉ុន្តែនេះក៏បង្ហាញថា អាជ្ញាធរថៃមានយុទ្ធសាស្ត្រច្បាស់លាស់ដើម្បីអភិវឌ្ឍវិស័យទេសចរណ៍។
ទេសចរណ៍គឺជាវិស័យមួយដ៏សំខាន់ដែលជួយជំរុញវឌ្ឍនភាពនៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសថៃ ដោយវារួមចំណែកប្រមាណ 12% នៃផលិតផលក្នុងស្រុកសរុប (GDP)។ ប្រទេសនេះធ្លាប់បានទទួលភ្ញៀវអន្តរជាតិប្រហែល 40 លាននាក់កាលពីឆ្នាំ 2019 នាំមកនូវប្រាក់ចំណូល 53.2 ពាន់លានដុល្លារអាម៉េរិក។
ចាប់ពីដើមឆ្នាំ 2023 មកដល់បច្ចុប្បន្ន ប្រទេសថៃបានទទួលភ្ញៀវបរទេសជាង 18.5 លាននាក់។ តាមការព្យាករ គិតដល់ដំណាច់ឆ្នាំ តួលេខនេះនឹងកើនដល់ 28 លាននាក់។ ក្រសួងទេសចរណ៍ថៃឱ្យដឹងថា ប្រាក់ចំណូលដែលបានពីភ្ញៀវអន្តរជាតិ គិតត្រឹមថ្ងៃទី 18 កញ្ញា គឺ 795 ពាន់លានបាត (22 ពាន់លានដុល្លារអាម៉េរិក)។
រដ្ឋាភិបាលថៃសង្ឃឹមថា គោលនយោបាយលើកលែងទិដ្ឋាការខាងលើនឹងជួយទាក់ទាញអ្នកទេសចរណ៍ចិន និងកាហ្សាក់ស្ថានបានច្រើនជាងមុន។ ដោយឡែក អាជ្ញាធរគ្រប់គ្រងអាកាសយានដ្ឋានប្រទេសថៃ (AOT) ក៏រំពឹងថា ភ្ញៀវចិនជាង 120,000 នាក់ នឹងចុះចតនៅអាកាសយានដ្ឋាន Don Mueang និង Suvarnabhumi នៅក្នុងសប្ដាហ៍ដំបូងនៃការអនុវត្តគោលនយោបាយលើកលែងទិដ្ឋាការចាប់ពីថ្ងៃទី 25 កញ្ញា ដល់ 01 តុលា 2023។
AOT ឱ្យដឹងថា នឹងមានជើងហោះហើរប្រហែល 674 ជើងពីប្រទេសចិនមកកាន់អាកាសយានដ្ឋាន Suvarnabhumi ក្នុងអំឡុងពេលខាងលើ ពោលគឺប្រហាក់ប្រហែលនឹង 96 ជើងជារៀងរាល់ថ្ងៃ៕