មានយុវជន និងមនុស្សជាច្រើននាពេលបច្ចុប្បន្ននេះ ចាប់ផ្តើមចូលចិត្តការចែករំលែក ទាំងនៅលើវេទិកាសាធារណៈ និងនៅក្នុងពិធីផ្សេងៗ រួមទាំងបណ្តាញសង្គមផងដែរ។ អ្នកទាំងអស់នោះ មួយចំនួនចង់បង្កើតស្នាដៃនៃគំនិតដោយខ្លួនឯងតាមរយៈការសរសេរ តែពេលខ្លះពួកគាត់មិនទាន់មានទម្លាប់ល្អ រួមទាំងមិនទាន់ដឹងពីវិធីដើម្បីអនុវត្តយ៉ាងណាទើបក្លាយជាអ្នកនិពន្ធដែលអាចចែករំលែកនូវគំនិតរបស់ខ្លួនតាមរយៈការបង្កើតស្នាដៃសំណេរដែលមានប្រយោជន៍។
ខាងក្រោមនេះ ជាទម្លាប់មួយចំនួនរបស់អ្នកនិពន្ធភាគច្រើនដែលមានភាពល្បីល្បាញនៅលើពិភពលោក ដែលបានអនុវត្តជាប្រចាំរហូតទទួលបានជោគជ័យក្នុងកិច្ចការនិពន្ធរបស់ពួកគាត់។
1.សរសេររាល់ថ្ងៃ
ការសរសេរជារៀងរាល់ថ្ងៃជាទម្លាប់ល្អមួយរបស់អ្នកនិពន្ធជាច្រើនលើពិភពលោក។ លោក Stephen King សរសេរអត្ថបទប្រមាណជា 10ទំព័រជារៀងរាល់ថ្ងៃបើទោះបីជាថ្ងៃដែលគាត់សម្រាកលំហែរកាយក៏ដោយ ខណៈអ្នកនិពន្ធដែលជាម្ចាស់ពានរង្វាន់ណូបែល Earnest Hemingway សរសេរអត្ថបទយ៉ាងហោចណាស់ 500ពាក្យក្នុងមួយថ្ងែ។
ការសរសេររាល់ថ្ងៃ ឬដាក់កាលវិភាគដើម្បីសរសេរ អាចជួយឱ្យមានទម្លាប់ដែលអាចធ្វើឱ្យមានការផ្តោតអារម្មណ៍បានល្អ ហើយវាក៏ជាគន្លឹះដើម្បីបង្កើតភាពច្នៃប្រឌិតសម្រាប់ខ្លួនឯងផងដែរ នៅពេលដែលយើងអនុវត្តសកម្មភាពមួយជារៀងរាល់ថ្ងៃ ហើយបន្តវាជាភាគ ឬភ្ជាប់ការគិតដែលមានលក្ខណៈជាប្រព័ន្ធ។
- ងើបពីព្រលឹម
មនុស្សជាច្រើនបានភ្ញាក់នៅពេលព្រលឹម តែពួកគេមិនសូវងើប ហើយបញ្ហានេះជាឧបសគ្គសម្រាប់មនុស្សជាច្រើនដែលចង់ក្លាយជាអ្នកនិពន្ធ។ តាមការរកឃើញរបស់អ្នកនិពន្ធនៅបច្ចឹមប្រទេសភាគច្រើន សង្កេតឃើញថា ការងើបពីម៉ោង 5:30នាទី ដើម្បីសរសេរ ជាពេលល្អបំផុតមួយដែលខួរក្បាលពោរពេញទៅដោយថាមពល និងភាពស្រស់ស្រាយ ដែលអាចធ្វើឱ្យអ្នកបញ្ជារនូវមនោសញ្ចេតនា ឬបង្កើតរូបភាពនៅក្នុងសំណេរបានយ៉ាងល្អ។ កត្តានេះ អាចធ្វើឱ្យអ្នកបង្កើតបានអត្ថបទប្រកបដោយភាពរស់រវើក ហើយធ្វើឱ្យអ្នកអាន អាចជក់ចិត្តខ្លាំងជាមួយនឹងអត្ថបទប្រកបដោយថាមពល និងរូបារម្មណ៍ល្អ។
- យកឈ្នះទម្លាប់អាក្រក់របស់ខ្លួនឱ្យបាន
អ្នកនិពន្ធភាគច្រើនតែងតែមានទម្លាប់អារក្រក់មួយគឺភាពរារែក ដែលពេលខ្លះខ្លាចនេះ ខ្លាចនោះច្រើនពេកដែលធ្វើឱ្យពួកគេមិនអាចបញ្ចេញអស់នូវសក្តានុពលរបស់ខ្លួនក្នុងសំណេរ។ ពាក់ព័ន្ធនឹងបញ្ហានេះ លោក Bernard M. Baruch បាននិយាយថា «ធ្វើអ្វីដែលអ្នកចង់ធ្វើ ហើយនិយាយអ្វីដែលអ្នកចង់និយាយទៅ ព្រោះសំដីរបស់អ្នកតែងតែត្រូវគេសរសើរ និងរិះគន់ ទោះក្នុងលក្ខខណ្ឌណាក៏ដោយ»។
ការដែលចាប់ផ្តើមសរសេរដោយចេញពីចិត្តឱ្យបានសិន បន្ទាប់មកទើបពិនិត្យម្តងហើយម្តងទៀត អាចឱ្យអ្នកក្លាយជាអ្នកនិពន្ធដែលមានស្នាដៃច្រើន ព្រោះអ្នកនិពន្ធជាច្រើនអាចបង្កើតសៀវភៅបានលុះត្រាតែមានឯកសារជាគោលសិន បន្ទាប់មកទើបគេយកឯកសារដែលគេបានសរសេរទាំងអស់ ទាំងល្អ និងមិនល្អមកកែច្នៃសារជាថ្មីរហូតមានអត្ថន័យគ្រប់គ្រាន់។ ហេតុនេះបើអ្នកមិនចាប់ផ្តើមសរសេរ អ្នកក៏មិនអាចមានឯកសារគោលសម្រាប់កែច្នៃនោះដែរ៕