Skip to content

ពេល​​យក​ពន្ធលើ​ទ្រព្យ​​អ្នក​មាន តំបន់​នេះ​នឹង​ប្រមូល​បាន​ជិត​ 230 ពាន់​លាន​ដុល្លារ​អាម៉េរិក​/ឆ្នាំ

បើ​សិន​យក​ពន្ធ​លើ​ទ្រព្យ​​របស់​ពលរដ្ឋ​ 0.5% ដែល​ជា​អ្នក​មាន​ជាង​គេ​នៅ​តាម​បណ្ដា​ប្រទេស​ជាសមាជិក ​សហភាព​​អឺរ៉ុប​នឹង​​អាច​ប្រមូល​ថវិកា​បាន​ជាង 227 ពាន់​លាន​ដុល្លារ​អាម៉េរិក​។

គំនិត​ខាងលើ​នេះ​ត្រូវ​បាន​លើក​ឡើង​ក្នុង​ការ​សិក្សា​ស្រាវ​ជ្រាវ​មួយ​នៃ​​ក្រុម​សម្ព័ន្ធ​សេរីភាព​របស់​សភា​អឺរ៉ុប​ដែល​ទើប​តែត្រូវ​បាន​ប្រកាសបន្ទាប់​ពី​​អ្នក​សេដ្ឋកិច្ច និង​នយោបាយ នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ G20 នៅ​ញូវដែលីប្រទេស​ឥណ្ឌាកាល​ពី​ពីរ​សប្ដាហ៍​មុន​នោះ​​ បាន​​អំពាវនាវ​ឱ្យ​មាន​ការ​យក​ពន្ធ​លើ​ក្រុម​អ្នក​មាន​កំពូល​ៗ​។

យោង​តាម​ការ​សិក្សា​ស្រាវជ្រាវ​ខាងលើ​ បើ​សិន​រដ្ឋយក​ពន្ធលើ​ទ្រព្យ​របស់​ពលរដ្ឋ​ 0.5% ដែល​ជា​អ្នក​មាន​បំផុត​នៅ​ក្នុង​បណ្ដា​ប្រទេស​នៅ​អឺរ៉ុប សហភាព​នេះ​នឹង​ប្រមូល​ប្រាក់​បាន​ជាង 213 ពាន់​លាន​អឺរ៉ូ (ជាង 227 ពាន់​លាន​ដុល្លារ​អាម៉េរិក)​ ជា​រៀង​រាល់​ឆ្នាំ​។ ក្រុម​មនុស្ស​ 0.5% នេះ កំពុង​កាន់​កាប់​ទ្រព្យ​សម្បត្តិ​ជិត 20% របស់​អឺរ៉ុប​ ច្រើន​ជាង​ឆ្ងាយ​បើ​ធៀប​នឹង​ទ្រព្យ 3.5% របស់​ក្រុម​ពលរដ្ឋប្រហែល​ពាក់​កណ្ដាល​ដែល​​​ក្រីក្រ​បំផុត​។ ជាង​នេះ ទ្រព្យ​របស់​ក្រុម​អ្នក​មាន 0.5% ក៏​បាន​កើន​ 35% ក្នុង​ដប់​ឆ្នាំ​កន្លង​។ ការ​សិក្សា​ស្រាវ​ជ្រាវ​នេះ​ទទួល​​បាន​​សិទ្ធិ​​ចាត់​ចែង​​ដោយ​​អង្គការ​មិន​មែន​រដ្ឋាភិបាល​ បណ្ដាញ​យុត្តិធម៌​ពន្ធដារ​។

ប្រទេស​អាល្លឺម៉ង់ និង​បារាំង​នឹង​ប្រមូល​ប្រាក់​បាន​ច្រើន​ជាង​គេ​បើ​សិន​យក​ពន្ធ​លើ​ទ្រព្យ​អ្នក​មាន​ ក្នុង​នោះ អាល្លឺម៉ង់​នឹង​ទទួល​បាន​ជាង 65 ពាន់​លាន​អឺរ៉ូ (69.3 ពាន់​លាន​ដុល្លារ​អាម៉េរិក) ចំណែក​បារាំង​នឹង​ទទួល​បាន​ជាង 46 ពាន់​លាន​អឺរ៉ូ (49 ពាន់​លាន​ដុល្លារ​អាម៉េរិក)។ នៅ​អឺរ៉ុប​ខាង​ត្បូង ប្រទេស​អ៊ីតាលី​នឹង​ប្រមូល​ប្រាក់​ពន្ធ​នេះ​បាន​ 27.2 ពាន់​លាន​អឺរ៉ូ (28.9 ពាន់​លាន​ដុល្លារ​អាម៉េរិក) ស្រប​ពេល​ដែល​ព័រទុយហ្កាល់​​នឹង​ប្រមូល​បាន 3.7 ពាន់​លាន​អឺរ៉ូ និង​ក្រិក​​ប្រមូល​បាន​ 1.4 ពាន់​លាន​អឺរ៉ូ (1.49 ពាន់​លាន​ដុល្លារ​អាម៉េរិក)។

រូបមន្ត​នៃ​ការ​យក​ពន្ធ​លើ​អ្នក​មាន​ដែល​ត្រូវ​បាន​ស្នើ​ដោយ​ក្រុម​សម្ព័ន្ធ​សេរីខាងលើ​ មិន​ដូច​ទៅ​នឹង​រូបមន្ត​យក​ពន្ធ​លើ​អ្នក​មាន​នៅ​​អេស្ប៉ាញ​ ឬ​ពន្ធ​អចលនទ្រព្យ​របស់​បារាំង​នោះឡើយ។ សំណើ​ពន្ធ​នេះ​នឹង​អនុវត្ត​ចំពោះ​ទ្រព្យ​សម្បត្តិ​គ្រប់ប្រភេទ តាំង​ពី​អចលនទ្រព្យ​ ប្រាក់​ផ្ញើនៅ​ធនាគារ ភាគហ៊ុន​នៅ​ក្នុង​ក្រុម​ហ៊ុន​ រហូត​ដល់​ស្នាដៃ​សិល្បៈ​។

បើ​សិន​ជា​ត្រូវ​បាន​អនុវត្ត ខ្ទង់ប្រាក់​ដែល​បាន​ពី​ពន្ធ​ទ្រព្យ​អ្នក​មាន​នេះ​នឹង​រួម​ចំណែក​​ 1.35% នៃ​ GDP របស់​សហភាព​អឺរ៉ុប​។ នេះ​មិន​ទាន់​និយាយ​ដល់​ឥទ្ធិពល​បន្ថែម​ដែល​កើត​ឡើង​ក្នុង​ពេល​ដោះ​ស្រាយ​បញ្ហា​គេច​ពន្ធ​របស់​បុគ្គល​អ្នក​មាន​នៅ​ក្នុង​បណ្ដា​ប្រទេស​ដែល​មិនយក​ពន្ធ ឬ​យក​ពន្ធ​តិចតួច​លើ​ទ្រព្យ​សម្បត្តិ​៕

Leave a Reply

Your email address will not be published. Required fields are marked *