ថ្វីបើបានព្យាករថា GDP ឆ្នាំនេះកើនឡើង ប៉ុន្តែ OECD ព្រមានថា សេដ្ឋកិច្ចពិភពលោកមានហានិភ័យបន្ថយល្បឿន ព្រោះតែសម្ពាធការប្រាក់ និងសេដ្ឋកិច្ចចិនងើបឡើងប្រកបដោយភាពទន់ខ្សោយ។
អង្គការសហប្រតិបត្តិការ និងអភិវឌ្ឍសេដ្ឋកិច្ច (OECD) ទើបតែបានបញ្ចេញការព្យាករថ្មីបំផុតស្ដីពី GDP ទូទាំងសកលលោកឆ្នាំ 2023 ដែលអះអាងថា មានកំណើន 3% កើន 0.3 ពិន្ទុភាគរយធៀបនឹងការព្យាករមុននោះ។ ក៏ប៉ុន្តែ នេះនៅតែជាកម្រិតក្រោមធម្យមភាគ ហើយក៏ជាកំណើនប្រចាំឆ្នាំទាបបំផុតរាប់ចាប់ពីវិបត្តិហិរញ្ញវត្ថុសកល (2008 – 2009) លើកលែងតែឆ្នាំ 2020 ដែលរងផលប៉ះពាល់ពីកូវីដ។
អង្គការដែលមានទីស្នាក់ការកណ្ដាលនៅប៉ារីស ក៏បានទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចឆ្នាំក្រោយ 0.2 ពិន្ទុភាគរយ មកនៅត្រឹម 2.7%។ Clare Lombardelli ប្រធានផ្នែកសេដ្ឋកិច្ចរបស់ OECD វាយតម្លៃថា អតិផរណាបន្តថយចុះ ប៉ុន្តែសេដ្ឋកិច្ចពិភពលោកនៅតែស្ថិតក្នុងស្ថានភាពលំបាក។ លោកនិយាយកាលពីថ្ងៃទី 19 កញ្ញាថា «យើងកំពុងប្រឈមនឹងឧបសគ្គពីរត្រួត នោះគឺអតិផរណា និងកំណើនទាប»។
OECD យល់ថា ហានិភ័យគឺថា ការព្យាករកំពុងតែមានទំនោរទៅរកភាពអវិជ្ជមាន ព្រោះតែការដំឡើងការប្រាក់កាលពីអតីតកាលអាចប៉ះពាល់ធ្ងន់ធ្ងរជាងការរំពឹងទុក ហើយអតិផរណាក៏មានហានិភ័យអាក្រក់ក្នុងរយៈពេលយូរ ទាមទារឱ្យមានការរឹតបន្តឹងនយោបាយរូបិយវត្ថុបន្ថែមទៀត។ ពួកគេចាត់ទុកថា ការលំបាករបស់ចិនគឺជាហានិភ័យសម្រាប់ទិន្នផលទូទាំងសកលលោក។
OECD ព្យាករថា កំណើនសេដ្ឋកិច្ចនៅតំបន់ចាយប្រាក់អឺរ៉ូឆ្នាំនេះគឺ 0.6% និងឆ្នាំក្រោយគឺ 1.1%។ កំណើននេះនៅសហរដ្ឋអាម៉េរិកនឹងបន្ថយល្បឿនមកនៅត្រឹម 1.3% ក្នុងឆ្នាំ 2024 ទាបជាងធៀបនឹង 2.2% ក្នុងឆ្នាំនេះ។
កំណើនសេដ្ឋកិច្ចប្រទេសចិននៅឆ្នាំក្រោយក៏ធ្លាក់ចុះមកនៅត្រឹម 4.6% ដោយសារតម្រូវការក្នុងស្រុកថយចុះ និងភាពតានតឹងក្នុងទីផ្សារអចលនទ្រព្យ។ កំណើន GDP របស់ប្រទេសចិនក្នុងឆ្នាំ 2023 អាចឡើនដល់ 5.1% ថយចុះ 0.3 ពិន្ទុភាគរយបើធៀបនឹងការព្យាករមុនរបស់ OECD។
OECD យល់ថា រដ្ឋាភិបាលនានាមិនគួរធ្វើអន្តរាគមន៍ដោយការបង្កើនការចំណាយបន្ថែមដើម្បីជំរុញកំណើនសេដ្ឋកិច្ច។ ជំនួសមកវិញ គួរតែកាត់បន្ថយការឧបត្ថម្ភ ដើម្បីសម្រួលឱ្យមានការវិនិយោគជាថ្មីនៅពេលអនាគត និងចៀសវាងកំណើនអតិផរណា។
អង្គការខាងលើក៏បានព្រមានដែរថា មិនគួរបន្ធូរបន្ថយការរឹតបន្តឹងនយោបាយរូបិយវត្ថុ ដោយសារតែអតិផរណានៅតែមាន។ យោងតាម OECD រដ្ឋាភិបាលនានាពុំមានលទ្ធភាពច្រើនក្នុងការទម្លាក់ការប្រាក់រហូតដល់ចុងឆ្នាំ 2024។